​កាកបាទក្រហមខេត្តកំពង់ចាម ទទួលថវិកា​មូនិធិ​ ជាង​៦៥ម៉ឺន​ដុល្លារ​ ក្នុងឱកាសអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម

0
129

កំពង់ចាម​:​ ​ក្នុងឱកាសប្រារព្ធពិធី អបអរសាទរ ខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ និង​ពិធីប្រកាស ទទួលស្គាល់ប្រធានកិត្តិយសថ្មី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥​ គណៈកម្មាធិការសាខា​ បានទទួលថវិកាមូលនិធិជាង ៦៥ម៉ឺនដុល្លារអាមេរិក ដើម្បីទុកសម្រាប់ប្រើប្រាស់លើ ផ្នែកមនុស្សធម៌ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។

ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្តកំពង់ចាម​ ​នាព្រឹកថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០២៤​ ក្រោម​វត្តមាន​ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ និង​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុង​ឱកាស​នោះ​​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានថ្លែងថា រយៈពេល ៤ឆ្នាំ កន្លងទៅ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការ ផ្តល់សេវាកម្មមនុស្សធម៌ ផ្តោត លើវិស័យអាទិភាពទាំង ៤ ដោយបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេច បានលទ្ធផល គួរអោយកត់សំគាល់ មានដូចជា ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ​ សាខាបានធ្វើការឆ្លើយតបផ្តល់អំណោយមនុស្សធម៌ភ្លាមៗ ជូនជនរងគ្រោះ ដោយមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ រន្ទះបាញ់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ បានចំនួន ៧៤៨គ្រួសារ និងបានឧបត្ថម្ភ ថវិកា ១០,០០០$ ដល់ជនរងគ្រោះរំលំបាក់អគារ នៅខេត្តកំពត កាលពីឆ្នាំ២០២០។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលស្នាដៃ និងការខិតខំប្រឹងប្រែងប្រកបដោយភាពបុរសកម្ម របស់គណៈកម្មាធិការសាខា អាណត្តិទី៥ ក្នុង​រយៈពេល ៤ឆ្នាំកន្លងទៅ​នេះ​ ។ ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងអំណរព្រះគុណ និងសូមអរគុណជាអនេកកប្បការ ចំពោះ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក​ លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here