រដ្ឋបាលខេត្តត្បុងឃ្មុំ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ និងដុតកម្ទេចគ្រឿងញៀន ជាង៥គីឡូក្រាម

0
13


ត្បូងឃ្មុំ:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន” និងដុតកម្ទេចចោលគ្រឿងញៀន ជាង៥គីឡូក្រាម បន្ទាប់ពីបង្ក្រាបបាន ដែលធ្វើឡើងនៅបរិវេណវិទ្យាល័យ ហេង សំរិន ចក ស្ថិត​ក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពាក់ព័ន្ធនឹងគ្រឿងញៀន សំណុំរឿងដែលមានសាលក្រមស្ថាពរ និងដីការសម្រេច មានចំនួន ៤២សំណុំរឿង មានវត្ថុតាងគ្រឿងញៀន ប្រភេទមេតាំហ្វេតាមីន ទម្ងន់ ៤៩៩.៤៩ក្រាម និងសំណុំរឿងដែលមានសាលក្រមមិនទាន់ស្ថាពរ និងដីកាសម្រេច មានចំនួន ៨២ សំណុំរឿង មានវត្ថុតាងគ្រឿងញៀន ប្រភេទមេតាំហ្វេតាមីន ទម្ងន់ ៤,៨៣៥.០៥ក្រាមផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា សន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដ៏សំខាន់ ដែលផ្ដល់ភាពអនុគ្រោះ ដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវិស័យផ្សេងៗទៀត ឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ គ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា​ កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនពាក់ព័ន្ធនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងនោះបានដាក់ចេញវិធានការយ៉ាងមុឺងម៉ាត់ចំពោះបញ្ហាក្មេងទំនើង ការបើកបរល្មើសច្បាប់ចរាចរ បង្ក្រាបបទល្មើសនានា ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀន ខណៈជាគោលដៅ គឺបានអនុវត្តន៍ និងបន្តអនុវត្តន៍ ឲ្យគ្រប់ភូមិទាំងអស់ ក្លាយជាភូមិស ដែលគ្មានគ្រឿងញៀនផងដែរ។

ជាមួយគ្នានោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ ជាពិសេសសិស្សានុសិស្ស សូមបន្តអនុវត្តស្មារតីជាតិរបស់យើង គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា​ ពោលគឺ​<<យើងត្រូវនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល>>​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here