ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងអំណរគុណតំណាងប្រជាពលរដ្ឋ ដែលបានផ្តល់សេចក្តីទុកចិត្តបោឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៤ ឈ្នះដាច់ទាំង២១អាសនៈ

0
10


កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានសម្តែងនូវ​ការអបអរសាទរ និងថ្លែងអំណរគុណ ចំពោះសមាជិកក្រុមប្រឹក្សាឃុំ ដែលជាតំណាងប្រជាពលរដ្ឋ ដែលបានផ្តល់សេចក្តីទុកចិត្តបោឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៤ មកពីគណបក្សប្រជាជនកម្ពុជាឈ្នះ ដាច់ទាំង២១អាសនៈ លើ២១អាសនៈ ដើម្បីបន្តដឹកនាំមូលដ្ឋាន សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត។ ថ្លែងបែបនេះក្នុង ឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំបក្សមូលដ្ឋានស្រុកស្រីសន្ធរ ចំនួន ៦៥០រូប នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត កំពង់ចាម បានជំរុញដល់សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកស្រីសន្ធរទាំង២១រូប ឱ្យខិតខំបម្រើ ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយ នោះឡើយ។

ឯកឧត្តមប្រធានគណបក្សខេត្ត បានស្នើឱ្យសមាជិកក្រុមប្រឹក្សាស្រុកអាណត្តិទី៤នេះ ត្រូវខិតខំ ពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច របស់ខ្លួន។

  1. ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ក៏បានស្នើ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រីសន្ធរ ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ឱ្យបង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គមក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល ដោយត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោកផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here