កិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តស្វាយរៀង

0
8

ដោយលោក ថត ភារៈ                
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃអង្គារ៤កេីត​ ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ​ ឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តំណាងដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តស្វាយរៀង។

កិច្ចប្រជុំេនះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​អភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ ប្រតិភូ​ គ.ល.ក​ មន្ទីរពាក់ព័ន្ធ​នានាក្នុងខេត្ត​ លោកមេបញ្ជាការកងកម្លាំងទាំង៣​ លោក​ លោកស្រីនាយកទីចាត់​/អង្គភាព​ចំណុះសាលាខេត្ត​ លោកអភិបាលក្រុងស្រុកទាំង៨​ លោកអធិការក្រុងស្រុកទាំង៨​ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំទាំង៨០​ លោក​ លោកស្រីមេឃុំ​ ចៅសង្កាត់​ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា​ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងមានការចង្អុល ដឹកនាំដោយផ្ទាល់ពីឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង និងការបង្ការ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត រដ្ឋបាលខេត្ត ដែលមាន គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ជាសេនាធិការ បានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់អនុវត្តប្រកបដោយការទទួលខុសត្រូវ ដោយអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីឈានទៅលុបបំបាត់ឲ្យអស់នូវទីតាំល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន ។

ឯកឧត្តមបន្តថា​ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន បច្ចុប្បន្ននេះគឺយើងនៅតែបន្តធ្វើការតាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំ ទាំងទីតាំងដែលមានច្បាប់អនុញ្ញាត និងទីតាំងគ្មានច្បាប់អនុញ្ញាតដែលបានបិទរួច ក្នុងករណីរកឃើញថាមានលួចលាក់បង្កប់ការលេងល្បែងស៊ីសងខុសច្បាប់ ឬលួចលាក់បើកដំណើរការឡើងវិញដោយខុសច្បាប់ និងអនុវត្តផ្ទុយពីកិច្ចសន្យាកន្លងមក សមត្ថកិច្ចរបស់យើងនឹងចាត់ចែងអនុវត្តវិធានការចាំបាច់នានាតាមគោលការណ៍នីតិវិធី និងឈានទៅអនុវត្តវិធានការច្បាប់តែម្ដង ។

ឯកឧត្តមបន្ថែមថា​ តាមរយៈកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នៅថ្ងៃនេះ អាជ្ញាធរនៅថ្នាក់ក្រោមជាតិ នឹងពិតជាទទួលបាននូវគោលការណ៍គន្លឹះវិធានការថ្មីៗ និងយុទ្ធសាស្រ្តល្អៗគាំទ្រដល់ការអនុវត្តកាន់តែជោគជ័យថែមទៀត ។ ជាមួយគ្នានេះ សូមស្នើឯកឧត្ដមអស់លោក លោកស្រី និងកិច្ចប្រជុំទាំងមូល សូមយកចិត្តទុកដាក់ស្ដាប់នូវបទបង្ហាញ និងប្រសាសន៍ណែនាំរបស់គណៈអធិបតី ព្រមទាំងត្រូវ ចូល រួម ពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិត យោបល់ បទពិសោធន៍ និងលើកជាសំណួរឲ្យបានច្រើនធ្វើការ ស្វែងយល់ឲ្យបានស៊ីជម្រៅ សំដៅធ្វើឲ្យការអនុវត្តការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងខេត្តរបស់យើង ឲ្យកាន់តែទទួលបានលទ្ធផលវិជ្ជមាន រួមចំណែកលើកកម្ពស់ស្មារតី នៃការអនុវត្តច្បាប់ ដើម្បីភាពសុខដុមរមនា ការរីកចម្រើន និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here