អភិបាលខេត្តកំពង់ចាម​ ប្រាប់សមត្ថកិច្ច​ពាក់ព័ន្ធ​ ត្រូវ​បង្ក្រាប​ ជាដាច់ខាត​រាល់​ការ​ផលិត​ និង​ការ​នាំចូល​គ្រឿងញៀន​ខុសច្បាប់​​ ពិសេសត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​

0
14


ដោយលោក ប៉ៃ លិន
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ទប់ស្កាត់​បង្ក្រាប​ឱ្យ​បាន​​ជាដាច់ខាត​រាល់​​ការ​ផលិត​ និង​ការ​នាំចូល​នូវ​សារធាតុ​គ្រឿងញៀន​ខុសច្បាប់​​ ពិសេស​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋ​ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយ «ត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន»។​ ថ្លែងបែបនេះ​ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន” ដែល​បាន​ធ្វើឡើង​នាព្រឹក​ថ្ងៃទី​២៧ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ​ស្រុកស្ទឹងត្រង់​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំង សមត្ថកិច្ច និង លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបាននឹងកំពុងធ្វើកិច្ចការងារនេះ នៅក្នុងឆ្នាំ២០២៣ និងឆមាសទី១ ឆ្នាំ២០២៤នេះ ទទួលបានលទ្ធផល ល្អប្រសើរ​ ដែលធ្វើឱ្យ នៃបទល្មើសមួយនេះមានការថយចុះចំនួន ៦០ករណី បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆមាសទី១ឆ្នាំ២០២៣ និងឆមាសទី១ ឆ្នាំ២០២៤ ។

ឯកឧត្តមអភិបាលខេត្ត​ បាន​សង្កត់​ធ្ងន់ថា​ សម្រាប់រូបខ្ញុំ ខ្ញុំនឹងមិនមានការយោគយល់​ និងលើកលែងជាដាច់ខាត​ ចំពោះករណីល្មើសមួយនេះ​ ផ្ទុយទៅវិញខ្ញុំនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត​ ចំពោះបុគ្គលដែលមានសមត្ថកិច្ចណា​ លូកដៃចូលអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀននេះ​ ។​ ដូច្នេះ​ត្រូវឈរលើស្មារតី « ៣ កុំ និង ១រាយការណ៍ » គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏បាន​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ ឱ្យ​ចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព​ នោះគឺគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។​ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី​ និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងផងដែរ​ ។

បេីតាមលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង​ អមសាលាដំបូងខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ទិន្នន័យសំណុំរឿង និងវត្ថុតាងជាគ្រឿងញៀន ដែលគណៈកម្មការយើងប្រមូលបានតាមសាលក្រមព្រហ្មទណ្ឌស្ថាពរចំនួន ៨៥ សាលក្រម របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងបានរៀបចំវេចខ្ចប់វត្ថុតាងទាំងអស់នេះរួចជាស្រេចតាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាព។ ក្នុងនោះ​មាន​ សំណុំរឿងគ្រឿងញៀន​ សរុបចំនួន ៨៥សំណុំរឿង ដែលមានសាលក្រមស្ថាពរចំនួន ៨៥សាលក្រម ។​ និងមានវត្ថុតាងគ្រឿងញៀន ជាម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) សរុប ៣.៧៤៤,៦០ g (បីពាន់ប្រាំពីររយសែសិបបួនក្បៀសហុកសិប) ក្រាម ដែលនឹងត្រូវដុតបំផ្លាញចោលនាឱកាសនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here