មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រី ចុះបាញ់ថ្នាំកំចាត់សត្វដង្កូវសុីស្រូវ នៅស្រុកចំការលើ

0
13

កំពង់ចាម:​ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នា​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤​នេះ បានដឹកនាំមន្ត្រី ជំនាញ ចុះធ្វើការបាញ់ថ្នាំ កំចាត់សត្វដង្កូវសុីស្រូវប្រជាកសិករ ស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង និងភូមិជយោត្បួង ឃុំជយោ ស្រុកចំការលេី ខេត្តកំពង់ចាម​ ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករ នូវករណីដង្កូវស៊ីបំផ្លាញស្រូវខាងលើនេះ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់​ទីតាំងស្រែស្រូវរបស់បងប្អូនប្រជាកសិករ ដែលទទួលរងការយាយីដោយសត្វដង្កូវ ស្ថិតនៅភូមិ ឃុំដូចខាងលើ ។

ក្រោយពិនិត្យឃើញថា ស្រូវរបស់ប្រជាកសិករជាច្រើនហិកតា បានទទួលរងការយាយីដោយសត្វដង្កូវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង តំណាងក្រសួងកសិកម្ម បានចាត់ឲ្យមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវឲ្យអស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន សហការ​ជាមួយមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បន្តចុះពិនិត្យមើលតំបន់ផ្សេងៗទៀត ក្រែងមានករណីនេះ កើតឡើងដូចគ្នា ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា​ ។

បេីតាមលោក សឹម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ​ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ក្រុមការងារមន្ទីរបានណែនាំវិធានការទប់ស្កាត់និងកំចាត់ដង្កូវហ្វូង ព្រមទាំងការបាញ់ថ្នាំបង្ហាញ ដើម្បីឲ្យមានសុវត្ថិភាព នៅខេត្តកំពង់ចាម ដំណាំដែលរងផលប៉ះពាល់ដោសារដង្កូវហ្វូង ក្នុងនោះ
.ដំណាំស្រូវចំនួន ១១៨ហត( នៅឃុំស្ពឺ ឃុំជយោ ឃុំតាអុង) ស្រុកចំការលើ
.ដំណាំដំឡូងមី ចំនួន៥៩ហត នៅឃុំអូរស្វាយ ស្រុកកំពង់សៀម បច្ចុប្បន្នស្ថានភាពដង្កូវហ្វូងមានការថយចុះជាបន្តបន្ទាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here