ក្រសួងធនធានទឹក និង​អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពករណីចាក់ថ្មទប់ច្រាំងទន្លេ ក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ

0
121


កំពង់ចាម​:​ ក្រុមការងារនៃក្រសួងធនធានទឹកនិងឧតុនិយមដឹកនាំដោយ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងក្រុមការងាររដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២៤នេះ​ បានចុះពិនិត្យអំពីស្ថានភាព ករណីចាក់ថ្មច្រាំងទន្លេ នៅចំណុចភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ករណីចាក់ថ្មច្រាំងទន្លេ នៅទីតាំងខាងលើ កាលពីរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ ឃើញថា ការចាក់ថ្មច្រាំងទន្លេនេះ មានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្ម ទប់ជម្រាលលយចូលក្នុងទឹក។ សំណង់នេះដែរ ធ្វើឡើងពុំបានសុំច្បាប់ជាលាយលក្ខណ៍អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ សំណង់ត្រូវបានចាប់ផ្តើមម្តងបន្តិចៗ រហូតដល់ចប់សកម្មភាពទាំងស្រុងនៅក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ រីឯម្ចាស់ទីតាំង បានបញ្ជាក់ពីគោលបំណងនៃការចាក់ថ្មនេះ គឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។

យ៉ាងនោះក្តី ជាវិធានការរដ្ឋបាល គឺក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មបន្តទៀត និងរង់ចាំលទ្ធផលនៃការចុះសិក្សា វាយតម្លៃរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផល
ប៉ះពាល់។

បើតាម ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ករណីចាក់ថ្មទប់ច្រាំងទន្លេនេះ ក្រុមការងាររបស់លោក ធ្វើការចុះពិនិត្យដោយផ្ទាល់ ដើម្បីធ្វើរបាយការណ៍លម្អិតដាក់ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ជូនជ្រាប អំពីស្ថានភាពពិតប្រាកដនៅតំបន់នេះ ។

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ បានបន្តថា ក្រុមការងារបច្ចេកទេសនិងធ្វើការប្រៀបធៀប ពីស្ថានភាពបច្ចុប្បន្ន និងឆ្នាំមុនៗ អំពីការបាក់ច្រាំងទន្លេនៅតំបន់នេះផងដែរ ដើម្បីចូលរួមផ្នែកបច្ចេកទេស ធ្វើឱ្យទន្លេមានរបបទឹក ចរន្តទឹក ជលសាស្ត្រ ហើយនិងជលវិទ្យា សិក្សាឲ្យបានត្រឹមត្រូវ ឱ្យមានលំហូរតាមបែបធម្មជាតិរបស់វា ចៀសវាងការចាក់ថ្មទប់ច្រាំងទន្លេ ដោយខ្វះបច្ចេកទេស ធ្វើឱ្យមានការបាក់ច្រាំងទន្លេបន្តទៅទៀត ដែលប៉ះពាល់ដល់ផលសេដ្ឋកិច្ច និងធ្វើឲ្យបាត់បង់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here