0
103

ត្បូងឃ្មុំ:​ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា​ កន្លងមកនេះគណៈបញ្ជាការរដ្ឋបាលក្រុងស្រុកទាំងអស់បានចូលរួមដោះស្រាយនៅបញ្ហាជាច្រើន ហើយទទួលបានលទ្ធផលល្អ ប៉ុន្តែនៅមានបញ្ហាមួយចំនួនដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយផងដែរ ដូចនេះខ្ញុំសូមដាក់ចេញនៅវិធានការ៥ចំណុច ដើម្បីធ្វើការបង្រ្កាបក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងខេត្តត្បូងឃ្មុំរបស់យើង។ ថ្លែងបែបនេះ​ក្នុង​កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព​ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤​ ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា វិធានការទាំង៥ចំនុចនោះរួមមាន​ ទី១
-ធ្វើការទប់ស្កាត់និងបង្រ្កាបទៅលើបញ្ហាគ្រឿងញៀន។ ទី២-ធ្វើការទប់ស្កាត់និងបង្រាបរាល់ល្បែងស៊ីសងខុសច្បាប់។ ទី៣-ធ្វើការទប់ស្កាត់និងបង្ក្រាបរាល់ការឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹក។ ទី៤-ទប់ស្កាត់និងកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍។ និងទី៥-ទប់ស្កាត់និងបង្រ្កាប់ទៅលើក្មេងទំនើងដែលបង្ករអសន្តិសុខដល់ស្រុក ភូមិ ឃុំ ខេត្តរបស់យើង។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ ក៏បានបង្ហាញផងដែរ ពីការវាស់វែងដីនៅស្រុកក្រូចឆ្មារ នឹងពន្លឿនឲ្យបានចប់សព្វគ្រប់នៅចុងឆ្នាំ២០២៤នេះ ដើម្បីបង្ការកុំឲ្យមានសកម្មភាពទន្ទ្រានដីព្រៃលិចទឹក លេចចេញជារូបរាងបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះ​ ឯកឧត្តម អភិបាលខេត្ត ក៏​បានលើកឡើងនូវគោលនយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា <<សម្អាតផ្ទះយើង>> ដូច្នេះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប ទើបទទួលបានជោគជ័យ លើការងារនេះ។

គួរបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការត្រួតពិនិត្យលើរបាយការណ៍នៃការអនុវត្តកិច្ចការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ និងពង្រឹងបន្ថែមលើកិច្ចការងារដែលបានដាក់ចេញឱ្យអនុវត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here