អភិបាលខេត្តកំពង់ចាម​ ថ្លែងថា​ រាជរដ្ឋាភិបាលបានខិតខំកៀរគរ និងជម្រុញការវិនិយោគ ដែលបានបង្កើតឱកាសការងារ សម្រាប់កម្មករនិយោជិតរាប់ម៉ឺននាក់

0
120


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការអភិវឌ្ឍមុខរបរ និងការងាររាជរដ្ឋាភិបាលបានខិតខំកៀរគរ និងជម្រុញការវិនិយោគ ដែលបានបង្កើតឱកាសការងារ សម្រាប់កម្មករនិយោជិតរាប់ម៉ឺននាក់ ថ្លែងបែបនេះ​ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»​ ដែល​បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​កំពង់ចាម​ ​នាព្រឹកថ្ងៃទី​២៧​ ខែមេសា​ ឆ្នាំ​២០២៤​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ខេត្តកំពង់ចាម​មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៥១៤ សហគ្រាស កម្មករ និយោជិតសរុប ៤១.៥០៩នាក់ ស្រី ២៩.៤៧៧នាក់ ក្នុងនោះឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន២១កន្លែង កម្មករ និយោជិតចំនួន ២៥.៨៨៨នាក់ ស្រី ២៣.០៣៣នាក់ ក្នុងនោះកម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ម្នាក់ៗ ទទួលបានប្រាក់ចំណូលជាមធ្យម ២៥០ដុល្លារអាមេរិក និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូល ជាមធ្យម ២៣០ដុល្លារអាមេរិក បើគិតប្រាក់ឈ្នួលរបស់កម្មករ​ និយោជិតជាមធ្យមប្រចាំឆ្នាំវិស័យ កាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ប្រមាណជា ១២០លានដុល្លារអាមេរិក បានរួមចំណែកបង្កើនចំណូលរបស់ប្រជាជនខេត្តកំពង់ចាម​ ប្រចាំឆ្នាំ (GDP) ក្នុងម្នាក់ៗ ចំនួន ១.៦៩៣ដុល្លារអាមេរិក។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានគូសបញ្ជាក់ថា​ អនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាល រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកំណែ ទម្រង់លើគ្រប់វិស័យ។ ជាមួយគ្នានេះវិស័យការងារ ការអនុវត្តលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ កាន់តែមានភាពប្រសើរឡើង។ តាមរយៈប្រសិទ្ធភាពនៃប្រព័ន្ធអធិការកិច្ច ការងារដែលបានបង្កភាពងាយស្រួល និងទទួលបានការពេញចិត្តពីសំណាក់កម្មករនិយោជិត និយោជក នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា។ បញ្ហាកូដកម្ម បាតុកម្មត្រូវបាន អន្តរាគមន៍ដោះស្រាយ ដល់ទីកន្លែង សំដៅរក្សាបាននូវភាពសុខដុមក្នុងដំណើរការផលិតកម្ម និង ទប់ស្កាត់សកម្មភាពល្មើសច្បាប់ផ្សេងៗ​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here