រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

0
124


កំពង់ចាម:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាន​ដឹកនាំ​មន្ត្រី​រាជការ​ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត​ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១យាងចូល ៧២ព្រះវស្សា ដែល​បាន​ធ្វើ​ឡើង​នាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអានសារលិខិតថ្វាយព្រះពរ ដូចខាងក្រោមនេះ៖​ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាំង​នាមក្រុមប្រឹក្សា​ គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តកំពង់ចាម ជាកូនចៅ សូមព្រះបរមរាជាអនុញ្ញាតលើកហត្ថប្រណម្យ លំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយ កតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ឈ្លាសវៃ និងព្រះរាជសកម្មភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិមាតុភូមិ និងប្រជាជន ។

ព្រមទាំងកិច្ចការបរទេសរបស់ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវប្បធម៌។

ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក មានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធិពរជ័យ បវរសួស្តី សិរីវឌ្ឍនាមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៍ ព្រះបញ្ញាញាណ កាន់តែភ្លឺថ្លា ព្រះកាយពលមាំមួន និងសូមថ្វាយព្រះរាជមហាកុសល​ ចំពោះព្រះករុណា​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាអាយុវឌ្ឍន់មង្គលមួយដ៏ល្អប្រសើរថ្លៃថ្លា និងជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រ ខ្មែរបានយូរអង្វែងតរៀងទៅ។

សូមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here