ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ​ ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរណ៍​ជាង៦០ម៉ឺននាក់ ក្នុងនោះ «សង្ក្រាន្តត្បូងឃ្មុំ» មានជាង ៥០ម៉ឺននាក់​

0
80


ត្បូងឃ្មុំ:​ រយៈពេល០៤ថ្ងៃ ចាប់ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ​ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងខេត្តត្បូងឃ្មុំ មានភ្ញៀវ​ទេសចរណ៍​ ដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានា សរុបជាង​ ៦២​ម៉ឺន​នាក់។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា​ ក្នុងនោះនាថ្ងៃទី១៣ ខែមេសា មានភ្ញៀវទេសចរណ៍ សរុបមានចំនួន ១០​ម៉ឺន​នាក់ ថ្ងៃទី១៤ ខែមេសា មានចំនួន ១២ម៉ឺន​នាក់ ថ្ងៃទី១៥ ខែមេសា មានចំនួន ១៥ម៉ឺន​នាក់ និងថ្ងៃទី១៦ ខែមេសា មានចំនួន២៥ម៉ឺន​នាក់។

ចំពោះតំបន់ដែលមានពលរដ្ឋទៅលេងច្រើនជាងគេ គឺនៅបុរីរដ្ឋបាលទីរួមខេត្ត ដែលរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល៤ថ្ងៃ មាន​ភ្ញៀវ​ទេសចរណ៍​សរុបជាង​ ៥១ម៉ឺន​នាក់ ក្រោមការដឹកនាំរៀបចំដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ។

សូមជម្រាបថា: ព្រឹត្តិការណ៍ សង្ក្រាន្តត្បូងឃ្មុំ ឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ, លាក់កន្សែង, វាយក្អម, ឡើងសសរខា្លញ់ ជាមួយគ្នានេះ ក៏មានរៀបចំ «តំបន់ត្រជាក់» បាញ់ទឹក និងប្រគុំតន្រ្តីរាំលេងកម្សាន្តសប្បាយ។

បន្ថែមពីនេះ ក៏មានកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ព្រមទាំង រៀបចំស្តង់ពិព័រណ៍ ការប្រគុំតន្រ្តីសម័យ និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រីយ៉ាងស្រស់ស្អាតផងដែរ។

សូមបញ្ជាក់ថា: រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំ <<សង្ក្រាន្តត្បូងឃ្មុំ>> នៅទីរួមខេត្ត រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ (ក្រោមម្លប់សុខសន្តិភាព) ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here