រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ

0
73


ត្បូងឃ្មុំ:​ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​ត្បូងឃ្មុំ​ បានលើកឡើងនូវគម្រោងពង្រីកផ្លូវក្រុងសួងចំនួន ០៣ម៉ែត្របន្ថែមទៀត នៅឆ្នាំ២០២៥ខាងមុខនេះ និងគម្រោងបន្ថែមស្ថានីយជញ្ជីងថ្លឹងរថយន្ត ១បន្ថែមទៀត នៅលើកំណាត់ផ្លូវជាតិលេខ​ ៧១សេ ដែលកំពុងស្ថាបនា ដើម្បីកាត់បន្ថយការដឹកលើសទម្ងន់កំណត់ ដែលជាប្រភពធ្វើឱ្យខូចគុណភាពផ្លូវ។

បន្ថែមពីនោះឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រី​ សូមជួយបង្កើនគម្រោងស្ថាបនា ថែទាំ និងជួសជុលបន្ថែមទៀត ខណៈផ្លូវ​មួយចំនួន​ត្រូវបានខូចធ្ងន់ធ្ងរ ចំពោះមុខជាចាំបាច់ បានធ្វើការជួសជុល ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ប៉េង ពោធិ៍នា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដែលខិតខំអនុវត្តន៍ការងារបានយ៉ាងល្អប្រសើរ នាពេលកន្លងមក ក៏ដូចជាបន្តឱ្យកាន់តែល្អបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នៅតាមរាជធានី-ខេត្ត មន្ទីរសាធារណការ គឺស្មើនឹងក្រសួងសាធារណការ ដូច្នេះត្រូវចេះដោះស្រាយការងារ លើកគម្រោង ស្វែងរក និងកៀងគរប្រភពថវិកា ដើម្បីអនុវត្តការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានណែនាំ និងក្រើនរំលឹកដល់មន្ត្រីចំនួន ១០ចំណុច ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលការងារលើវិស័យសាធារណការរួមមាន៖
ទី១៖ ពង្រឹងម៉ោងការងារ របៀបរបបការងារ ទី២៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជួយគ្នាទៅវិញទៅមក ទី៣៖ រៀនសូត្រ សិក្សាបន្ថែម ពិសេសវិស័យបច្ចេកវិទ្យាព័ត៌មាន ទី៤៖ លើកសរសើរ លើកទឹកចិត្ត ទី៥៖ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវសាធារណៈ ទី៦៖ តាមដាន និងអនុវត្តន៍ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត គឺឆ្នាំ២០២៤ ជាឆ្នាំពង្រឹងសមិទ្ធផលដែលមានជាជាងពង្រីក ទី៧៖ ពង្រឹង និងពង្រីកសហការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ទី៨៖ ជំរុញការផ្សព្វផ្សាយពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ទី៩៖ ផ្តល់សេវាសាធារណៈ អនុវត្តតាមខ្លឹមសារ «មន្ត្រីរាជការជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ» និងទី១០៖ តាមដានស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ។

ជាមួយនឹងការផ្តល់អនុសាសន៍ល្អៗ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវសម្ភារៈ បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគ័រចំណាំងផ្លាត ៥,០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ៤០០បាវ ប្រគល់ជូនឱ្យមន្ទីរ សម្រាប់ប្រើប្រាស់លើការងារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ព្រមទាំងបានឧបត្ថម្ភថវិកាដល់មន្ត្រីសាធារណការទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោងនេះផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here