លោក កើត ឆែ៖ ដើម្បីធានានិរន្តរភាពរវាងស្ថាប័នស៊ីវិល និងអង្គភាព នៃកងយោធពល ខេមរភូមិន្ទ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការឧបត្ថម្ភគាំទ្រ ដល់អង្គភាពកងទ័ព ដោយផ្ដោតសំខាន់លើ ទិដ្ឋភាពជាមូលដ្ឋានចំនួនពីរ

0
89


ដោយ:សួនលីណា
ព្រះវិហារ ៖ ដើម្បីធានានិរន្តរភាពនៃការចងសម្ព័ន្ធ មេត្រីភាព រវាងស្ថាប័នអង្គភាពស៊ីវិល និងអង្គភាព នៃកងយោធពលខេមរភូមិន្ទ រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងការឧបត្ថម្ភគាំទ្រ ដល់អង្គភាពកងទ័ព ដោយផ្ដោតសំខាន់ទៅលើ ទិដ្ឋភាពជាមូលដ្ឋានចំនួនពីរ គឺ៖ ទី១៖ ការឧបត្ថម្ភដល់ការកសាងសមិទ្ធផល សម្រាប់បម្រើ ឱ្យទស្សនៈវិស័យយូរអង្វែង ដែលរួមមានការជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កសាងអគាររដ្ឋបាល, អគារសម្រាប់ ទុកដាក់មធ្យោបាយកងទ័ព, រៀបចំប្រព័ន្ឋលូ-បណ្តាញ ផ្គត់ផ្គង់ទឹក ។ល។ ទី២៖ ការជួយទ្រទ្រង់ដល់ជីវភាព និងសុខុមាលភាពរបស់ កងទ័ព និងគ្រួសារកងទ័ព ដែលរួមមានការឧបត្ថម្ភត្រាក់ទ័រ, ម៉ាស៊ីនច្រូតស្រូវ, គោយន្ត, រថយន្តគិលានសង្គ្រោះ និងការផ្ដល់គ្រឿងឧបភោគ-បរិភោគ ជាច្រើនផ្សេងទៀត ។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ លើកឡើងបែបនេះ នៅក្នុងពិធី សាកសួរសុខទុក្ខកងទ័ព នៃកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ឈរជើងការពារ នៅតាមខ្សែបណ្តោយព្រំដែន កម្ពុជា-ថៃ ទិសប្រាសាទព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃស្រុកសៀបបាំង ខេត្តស្ទឹងត្រែង ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងអាគារសាលប្រជុំ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក កើត ឆែ បានលើកឡើងបន្តថា៖ ការចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ កងទ័ព និងកងនគរបាល គឺតែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ស្របតាមអនុសាសន៍ផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្ត ទុកដាក់ជាប់ជាប្រចាំ ចំពោះសុខទុក្ខរបស់នាយទាហាន ពលទាហាន វរនគរបាល កងកម្លាំងគ្រប់ប្រភេទ និងក្រុមគ្រួសារ សម្តេចតេជោ សែន បានណែនាំដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលជាអង្គភាពជួរក្រោយ ត្រូវជួយគាំទ្រដល់អង្គភាព ជួរមុខ តាមរយៈការចងសម្ព័ន្ធមេត្រីរវាងអង្គភាពនីមួយៗ ក្នុងស្មារតី សាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ដូចទិសស្លោកដែលបាន លើកឡើងថា «សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខ» និង «សមរភូមិមុខ ការពារ សមរភូមិក្រោយអភិវឌ្ឍ» ។

ជាមួយគ្នានេះ លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះគំរូវីរភាព ដ៏អង់អាចក្លាហាន របស់បងប្អូននាយទាហាន ពលទាហាន និង វរនគរបាលទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តម របស់ខ្លួន ក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បីការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ ការពាររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា គ្រប់ កាលៈទេសៈ ដោយមិនគិតពីអាយុជីវិត និងសុខទុក្ខរបស់ខ្លួន ព្រមទាំងត្រូវឃ្លាតពីក្រុមគ្រួសារ ជាទីស្រលាញ់។ លោកបន្ថែមថា៖ មនុញ្ញផលនៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិ ដែលប្រជាជនកម្ពុជា កំពុងតែទទួលបាននាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានឡើយពីការរួមចំណែក យ៉ាងធំធេងរបស់កងទ័ព ដែលមានតួនាទី-ភារកិច្ចការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» ការពាររដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល ពិសេស ការពារ «សន្តិភាព» ជូនជាតិមាតុភូមិ និងប្រជាជន និងជោងទង់ «សន្តិភាព» ដែលជាសសរស្តម្ភ និងជាលក្ខខណ្ឌគ្រី៖ នៃការអភិវឌ្ឍ ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាត របស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here