ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ប្រាប់​អាជ្ញាធរ​ខេត្ត​កំពង់ចាម​​ឱ្យ​បន្ត ខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគ​ សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពពលរដ្ឋ

0
172


ដោយ​:លឹម​ សិលា​
កំពង់ចាម​ ៖​ ក្នុង​ពិធី​បិទ​អង្គសន្និបាត​បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២​ និងលើកទិសដៅការងារឆ្នាំ២០២៣​ របស់រដ្ឋបាលខេត្តកំពង់ចាម​ នារសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣​នេះ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្ម និងជនបទ​ និង​ជា​ប្រធានកការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ បានថ្លែង​ប្រាប់​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ឱ្យ​បន្ត ខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យ​ កសិឧស្សាហកម្ម វិស័យទេសចរណ៍ និងសហគ្រាសធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែកបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ឱ្យ​មាន​ការរីកចម្រើនប្រកបដោយចីរភាព និងបរិយាប័ន្ន​ផងដែរ​។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ បានថ្លែងថា​ ខេត្តកំពង់ចាមជាខេត្តដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហេតុនេះ រដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្ក លក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាព អនុគ្រោះសម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចកកម្ពុជា ដែលផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលខេត្តមានសិទ្ធិសម្រេចអនុញ្ញាតការវិនិយោគ​ មិនលើសពី៥លានដុល្លារសហរដ្ឋអាមេរិក​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ បាន​ណែនាំ​ដល់​អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់​ ត្រូវបន្តអនុវត្ត​ឱ្យ​កាន់តែសកម្មថែមទៀតនូវយុទ្ធនាការបង្កើនការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់, ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋានកុំឲ្យកំរើកឡើងវិញ ព្រមទាំងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស សំដៅរក្សា សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គមឲ្យបានល្អប្រសើរ​។

ជាមួយ​គ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្នុងឆ្នាំ២០២២កន្លងទៅនេះ អាជ្ញាធរមូលដ្ឋាន​ និងកងកម្លាំងមានសមត្ថកិច្ច បាន​បន្តអនុវត្តបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ​ ក្នុងការធានា​ និងរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម ប្រកបដោយ ប្រសិទ្ធភាព។ និង​ខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅរួមគ្នា​ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម​ឱ្យ​បាន​ល្អនៅក្នុង មូលដ្ឋាន។ ព្រមទាំង​អប់រំផ្សព្វផ្សាយអំពីវិធានការនានា រួមមានច្បាប់ ចរាចរណ៍​ ផលវិបាកនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ និង​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here