ភាពជោគជ័យរបស់សហគមន៍កសិកម្មលើកកម្ពស់កសិករ ក្នុងការប្រកបរបរកសិកម្ម

0
91


ដោយ:តារា
ព្រះវិហារ ៖ សហគមន៍កសិកម្មលើកកម្ពស់កសិករ ប្រកាសពីភាពជោគជ័យរបស់ខ្លួនថា រកប្រាក់ចំណេញបានប្រមាណជិត ១០០លានរៀល ពីមុខរបរចម្បងរបស់ខ្លួន ពិសេសការលក់ ស្រូវ និងដំឡូងមីជាមួយក្រុមហ៊ុនដៃគូរនាំចេញ។

សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បានប្រកាសពីភាគជោគជ័យរបស់ខ្លួន ថាក្នុងឆ្នាំ២០២២ សគមន៍មួយនេះ រកប្រាក់ចំណេញ បានជាង ៩៧លានរៀល ពីមុខរបរចម្បងរបស់ខ្លួន ដូចជាការផ្ដល់ឥណទានកសិកម្មខ្នាតតូច និងដាក់ប្រាក់សន្សំដល់សមាជិកសហគមន៍, ការផ្ដល់សេវាកម្មទឹកស្អាត និងការទិញស្រូវ និង ដំឡូងមីពីសមាជិក សម្រាប់ផ្គត់ផ្គង់ជូនក្រុមហ៊ុនដៃគូរ តាមរយៈការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ នេះបើតាមការបញ្ជាក់ពីលោក ឌៀប ចម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មលើកកម្ពស់កសិករ ថ្លែងក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដែលធ្វើឡើង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។

លោក ឌៀប ចម បានបញ្ជាក់ឱ្យដឹងថា សហគមន៍កសិកម្មលើកកម្ពស់កសិករ ត្រូវបាន ចាប់បដិសណ្ឋិឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ចាប់ផ្ដើមពីសមាជិកចំនួន ៩២នាក់ និងមានទុនដំបូងជាង ៦៨លានរៀល មកដល់ឆ្នាំ ២០២២ សហគមន៍មានសមាជិកសរុបរហូតដល់ ៤៥៣នាក់ និងមានដើមទុនកើនដល់ប្រមាណជាង ២៦៨លានរៀល។ លោកថាក្នុងឆ្នាំ ២០២២ សហគមន៍រកប្រាក់ចំណូលបានប្រមាណជាង ២៤៦លានរៀល ដោយបានផាត់ការ ចំណាយផ្សេងៗប្រមាណជាង ១៤៨លានរៀល ដោយនៅប្រាក់ចំណេញសុទ្ធជាង ៩៧លាន រៀល។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានគូសបញ្ជាក់ថា តាមច្បាប់សហគមន៍កសិកម្ម បានចែងថា សហគមន៍កសិកម្មត្រូវតែរៀបចំធ្វើមហាសន្និបាត ពេញអង្គយ៉ាងតិចមួយដងក្នុងមួយឆ្នាំ ដើម្បីបង្ហាញ សមិទ្ធផលរយៈពេលពេញមួយឆ្នាំរបស់ខ្លួន និងជាឱកាសមួយយ៉ាងសំខាន់ សម្រាប់ថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ទាំងអស់ បានបញ្ចេញនូវមតិយោបល់នានា ព្រមទាំងបានបង្ហាញនូវចំណុចខ្លាំង ចំណុចខ្សោយ រួមនិងផែនការទិសដៅផ្សេងៗ ដែលសហគមន៍ត្រូវធ្វើបន្ត។ ហើយមហាសន្និបាតថ្ងៃនេះទៀតសោតន៍ ក៏មានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការត្រួតពិនិត្យ ដើម្បីដឹកនាំបន្ដសម្រាប់ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្ដែងការសប្បាយរីក រាយ និងថ្លែងកោតសរសើរដល់សហគមន៍កសិកម្មលើកកម្ពស់កសិករ ដែលបានដឹកនាំគ្រប់គ្រង ប្រកបដោយស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អ ធ្វើឱ្យសហគមន៍ទទួលបានការរីកចម្រើន គួរឱ្យចាប់ អារម្មណ៍បំផុត ខណៈដែលពេញមួយឆ្នាំ ឆ្នាំ២០២២ សហគមន៍អាចរកប្រាក់ចំណេញបានរហូត ដល់ជិត១០០លានរៀល ដែលបានធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍សហគមន៍កសិកម្ម បង្កើនប្រាក់ចំណូលកសិករ សម្ដៅលើកកម្ពស់វិស័យកសិកម្ម រួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

ក្នុងឱកាសនោះ ពូជដំឡូងមី KU-50 ចំនួន ៤០,០០០ ដើម ជាពូជសុទ្ឋល្អ មានទិន្នផលខ្ពស់ មានភាពធន់នឹងភាពរាំងស្ងួត មានជាតិម្សៅខ្ពស់ បានចែកជូនបងប្អូនប្រជាសហគមន៌កសិកម្មចំនួន៥សហគមន៌ នៅស្រុកគូលែន សម្រាប់យកទៅដាំដុះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here