ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញ​ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍ ស្រុកស្រីសន្ធរ

0
118


ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ,ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមទាំង មន្ត្រី ថ្នាក់ដឹកនាំ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ នៅថ្ងៃទី​៣​ ខែមីនា​ ឆ្នាំ​២០២៣​នេះ​ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍ ។

តាមការគូសបញ្ជាក់ពី​លោក​ អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងអូតូនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍នេះ គឺមានការសាងសង់ ប្រឡាយបេតុង ២៧គីឡូម៉ែត្រ និងប្រឡាយដីសជាង ៦០គីឡូម៉ែត្រ មានបំពាក់ម៉ូទរ័បូមទឹកមុខកាត់​១,២ម៉ែត្រ ចំនួន ៧គ្រឿង ដែលមានល្បឿន ក្នុង ១វិនាទី បូមទឹកបាន ២ម៉ែត្រគូប ក្នុងម៉ូទរ័មួយ ដែលមានសំណង់សិល្បៈការ៍ ១៨៥កន្លែង ។
លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ឲ្យដឹងដែរថា គម្រោងខាងលើនេះប្រើប្រាស់ថវិការាជរដ្ឋាភិបាលកម្ពុជាជាង ៣០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទាន ADB ហើយមានលទ្ធភាពស្រោចស្រប់លើផ្ទៃដីស្រែជាង ៨.០០០ហិកតា មាន ៣៥ភូមិ ក្នុងឃុំ ៧ របស់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងឃុំ២ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ គិតមកដល់ពេលនេះ គម្រោងស្ថានីយ៍ និងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ខាងលើ បានកំពុងដំណើរការសាងសង់ និងសម្រេចលទ្ធផលបានប្រមាណជា ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ ការងារសាងសង់រួចរាល់ នៅក្នុងខែមិថុនា ខាងមុខនេះ ។ គួរំលឹកផងដែរថា គម្រោងប្រព័ន្ធធារាស្រ្តនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ គឺជាប្រព័ន្ធបេតុងទាំងអស់ និងបំពាក់ដោយស្ថានីយបូមទឹកទំនើបក្នុងនិយាមអន្តរជាតិ ធ្វើការបូមទឹកពីអាងទន្លេមេគង្គរង ដែលជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here