អាជ្ញាធរ​ខេត្តកំពង់ចាម បើកកិច្ចប្រជុំរៀបចំផែនការទទួលភ្លើងគប់កីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

0
108

 


ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ រៀបចំផែនការទទួលភ្លើងគប់កីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ ។ កិច្ចជុំនេះ មានការអញ្ជើញចូលរួម ពីលោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពស្ថាប័ន កងកម្លាំងទាំង ៣ លោកអភិបាល ក្រុង/ស្រុក ទាំង ១០ និង មន្ត្រីពាក់ព័ន្ធ ជាច្រើនអ្នក ផងដែរ ។

បើតាម លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ មានការរៀបចំពិធីបួងសួងសុំភ្លើងព្រះអគ្គី នៅក្នុងបរិវេណជុំវិញអង្គរតូច នៅខេត្តសៀមរាប ។ លុះដល់ថ្ងៃទី២២ ខែឆ្នាំដដែល និងមានការដង្ហែរភ្លើងព្រះអគ្គីនេះ ឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង ១០ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ និងដង្ហែរភ្លើងព្រះអគ្គី មកដល់ប្រទេសកម្ពុជាវិញ មករក្សានៅខេត្តស្ទឹងត្រែង មួយយប់ ។ លុះដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ទើបបន្តដង្ហែរចេញពី ខេត្តស្ទឹងត្រែង កាត់តាមខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។ លោកអភិបាលរងខេត្ត បានបញ្ជាក់ដែរថា ក្បួនដង្ហែរភ្លើងគប់កីឡា ឆ្លងកាត់ពីខេត្តស្ទឹងត្រែង មកខេត្តកំពង់ចាមយើងនេះ គឺក្បួនដង្ហែរគ្រាន់តែបន្ថយល្បឿន នៅទីតាំងដែលខេត្តនីមួយៗ បានរៀបចំ ដើម្បី អបអរសាទរ ក្នុងការដង្ហែរព្រះអគ្គីនេះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។ ក្នុងការដង្ហែរក្បួនព្រះអគ្គីនេះដែរ សម្រាប់ខេត្តកំពង់ចាម ត្រូវឆ្លងកាត់ ៥ក្រុង ស្រុក ក្នុងនោះមាន ៖ ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ខេត្តកំពង់ចាម មិនបានរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទេ ពោលគឺ ភ្លើងគប់នេះ គ្រាន់តែដង្ហែរឆ្លងកាត់ ខេត្តកំពង់ចាម ប៉ុណ្ណោះ ។ ប៉ុន្តែ ទោះជាយ៉ាងនោះក្តី ខេត្តយើង ក៏ត្រូវមានការទទួលបដិសណ្ឋារកិច្ច នៃក្បួនដង្ហែរភ្លើងគប់ ចំនួន ២លើក នៅតាមបណ្ដាស្រុកដែលជាប់ដងផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៧ ។ ដូច្នេះ ហើយបានជា យើងត្រូវត្រៀមលក្ខណៈសម្បត្តិទុកជាមុនឲ្យហើយ ដើម្បី ឲ្យសក្ដិសមថា ប្រទេសយើងបានធ្វើជាម្ចាស់ផ្ទះ ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវ ក៏ដូចជា ក្រុមកីឡាក មកពីបណ្ដាប្រទេសអាស៊ានទាំង ១០ ដើម្បី ជម្រុញធ្វើឲ្យកិច្ចដំណើរការ នៃប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ នេះ ទទួលបានជោគជ័យ និងបានលើកកម្ពស់មុខមាត់ ជូនដល់ប្រទេសជាតិរបស់យើង ផងដែរ ។

នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរ ក្រុង ស្រុក និងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងមូលដ្ឋាន ត្រូវរៀបចំមហាជនទទួលបដិសណ្ឋារកិច្ចភ្ញៀវ និងការថែរក្សាអនាម័យបរិស្ថាននៅតាមដងផ្លូវ ក៏ដូចជា ការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងការសម្រួលចរាចរណ៍ នៅតាមដងផ្លូវសាធារណៈ នៃភូមិសាស្ត្រ ដែលមានការពាក់ព័ន្ធ ដើម្បី ឲ្យកិច្ចដំណើរការដង្ហែរព្រះអគ្គីឆ្លងកាត់របស់យើង ទទួលបានលទ្ធផលល្អប្រសើរ ខណៈពេលដែល ខេត្តរបស់យើង ត្រូវទទួលដំណើរបដិសណ្ឋារកិច្ច នៃកិច្ចដង្ហែរភ្លើងគប់ ឆ្លងកាត់ ឆ្ពោះទៅកាន់ពហុកីឡាដ្ឋានមរតកតេជោ នៅឯរាជធានីភ្នំពេញ មានចំនួន ០២លើក គឺ ៖ លើកទី១ នៅថ្ងៃទី២៧ ខែមេសា និងមួយលើកទៀត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here