អភិបាលខេត្តកំពង់ចាម​ បាន​ស្នេីដល់​មន្ត្រី​អប់រំ​ និង​អាណាព្យាបាលទាំងអស់ ត្រូវខិតខំអប់រំណែនាំដល់សិស្ស និងកូនចៅរបស់ខ្លួន​​​

0
97


ដោយ:ប៉ៃ លិន
កំពង់ចាម ៖​ ក្នុង​ឱកាស​បេីក​សន្និបាត​បូកសរុប​វាយ​តម្លៃ​លទ្ធផល​ការងារ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​២៧​ ខែកុម្ភៈ​​ ឆ្នាំ​២០២៣នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ស្នេីដល់​មន្ត្រី​អប់រំ​ និង​អាណាព្យាបាលទាំងអស់ ត្រូវខិតខំអប់រំណែនាំដល់សិស្ស និងកូនចៅរបស់ខ្លួន ឱ្យចេះគោរពវិន័យ​ និងច្បាប់របស់សង្គមជាតិ ឱ្យបានខ្ជាប់ខ្ជួន កុំឱ្យដើរលេងផ្តេសផ្តាស ឬទៅប្រព្រឹត្តអំពើពាលាអវាសែ​ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​សំណូមពរ​ដល់​មន្ទីរ​អប់រំ​ខេត្ត​ ​ធ្វើ​យ៉ាងណា​ត្រូវ​លេីកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ​ប្រកបដោយ សមត្ថភាពរីកចម្រើន​​។ និង​ពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឱ្យចូលរៀនបានគ្រប់ៗគ្នា ជាពិសេសកុមាដែលជួបការលំបាក កុមារជនជាតិភាគតិច និងកុមារពិការឱ្យមានឱកាស បានចូលរៀនគ្រប់ៗគ្នា​។​ ព្រមទាំង​បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូបង្រៀន​ទៅកន្លែង ដែលខ្វះគ្រូ​ឲ្យ​បានសមស្រប​ផងដែរ​ ។​

បេីតាមលោក​ លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ គិតត្រឹមឆ្នាំសិក្សា២០២១-២០២២​ យើងមានសាលាមត្តេយ្យសិក្សា ៤៦៦សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យសិក្សាដាច់ដោយឡែក ៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៥កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦២កន្លែង សាលាបឋមសិក្សា ៤០៧កន្លែង (សាលាបឋមសិក្សា ឯកជន ៧កន្លែង) អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ២កន្លែង និង​វិទ្យាល័យ​អប់រំពិសេស ១កន្លែង)ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់អគារសិក្សាបានចំនួន ៣៨៤ខ្នង ស្មើ ២,៤៣១បន្ទប់ ។
លោក​ប្រធាន​មន្ទីរ​អប់រំ​ បាន​បញ្ជាក់​ថា​ ការងារ​អប់រំ​កាយ​ និង​កីឡា​ ក្នុងឆ្នាំ២០២២នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ទទួលបានមេដាយសរុបចំនួន​ ៩៦គ្រឿង ក្នុង​នោះមានមេដាយមាសចំនួន ២៦គ្រឿង​ មេដាយប្រាក់ចំនួន ២៨គ្រឿង​ និងមេដាយសំរឹទ្ធិចំនួន ៤២គ្រឿង​។ ចំពោះ​ការងារប្រឡងប្រណាំង ក្នុងឆ្នាំសិក្សា២០២១-២០២២ មន្ទីរមាន នាយកល្អ និងគ្រូល្អ ដែលជាប់ជ័យលាភីថ្នាក់ខេត្តជាបណ្តោះអាសន្ន ចំនួន ៨នាក់ (ផ្នែកមធ្យមសិក្សា ៣ នាក់ និងផ្នែកបឋមសិក្សា ៥នាក់) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here