គម្រោងពង្រីកផ្លូវជាតិលេខ៧​ ជា​ ៤គន្លង​ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្ត​កំពង់ចាម​ នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣​

0
67


ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ ឯកឧត្តម លឹម ស៊ីដេនិន រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា​ គម្រោងពង្រីកផ្លូវជាតិលេខ៧​ ជា​ ៤គន្លង​ ប្រវែងសរុប ៤៥,៤៨៩ គម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្ត​កំពង់ចាម​ នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣​ បន្ទាប់​ពី​ដោះស្រាយផលប៉ះពាល់ និងការងាររៀបចំផ្សេងៗហេីយ​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំ ពិនិត្យផលប៉ះពាល់គម្រោងពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ នៅ​សាលា​ខេត្ត​កំពង់ចាម​ នាព្រឹកថ្ងៃទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រោម​វត្តមាន​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​រដ្ឋលេខាធិកាក្រសួងសាធារណការ បាន​ណែនាំ​ថា​ ដំណាក់កាលអនុវត្តគម្រោង​ ត្រូវធ្វើការអង្កេតវាស់វែងលម្អិត និងវាយតម្លៃអំពីផលប៉ះពាល់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព និងមិនលម្អៀង​ ត្រូវគណនាចំនួនប្រាក់សំណងឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ គោលការណ៍ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល​ ត្រូវពន្យល់ផ្សព្វផ្សាយអំពីមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសម្របសម្រួលឱ្យប្រជាពលរដ្ឋ រុះរើដោយស្ម័គ្រចិត្ត ជាពិសេសចំពោះសំណង់ស្រាលៗ​ ពិសេស​គឺ​មិនត្រូវជ្រៀតជ្រែក ឬអន្តរាគមន៍ដែលនាំឱ្យជះឥទ្ធិពលដល់ដំណើរការការងារដោះស្រាយ ផលប៉ះពាល់ឡេីយ​ ។

ឯកឧត្តម លឹម ស៊ីដេនិន​ បាន​បន្ត​ថា​ តំណាក់កាលក្រោយការអនុវត្តគម្រោង​ ត្រូវសម្របសម្រួល និងចាត់វិធានការម៉ឺងម៉ាត់ ដើម្បីធ្វើការរុះរើសំណង់ និងទ្រព្វសម្បត្តិ ដែលបានដោះស្រាយរួច​ ត្រូវធានាថាការឈូសឆាយទីតាំងគម្រោងស្របតាមរបៀងនៃផលប៉ះពាល់ និងត្រូវ ទទួលខុសត្រូវក្នុងករណីមានការបំពានកាតព្វកិច្ចនេះ​ ត្រូវពង្រឹងការគ្រប់គ្រង និងទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់សារជាថ្មី និងការសង់ លើទីតាំងដែលបានដោះស្រាយផលប៉ះពាល់រួច​ ត្រូវរៀបចំចុះបញ្ជីជាដីសាធារណៈនូវរាល់ដីឯកជនដែលបានធ្វើលទ្ធកម្មរួច​ ត្រូវទប់ស្កាត់ និងមិនត្រូវចូលរួម ឬបង្កភាពងាយស្រួលដល់សកម្មភាពទន្ទ្រានកាន់កាប់ដី និងទ្រព្យសម្បត្តិដែលបានដោះស្រាយរួចឡេីយ​ ។​

ឯកឧត្តម​រដ្ឋលេខាធិកាក្រសួងសាធារណការ បាន​សង្កត់​ធ្ងន់​ថា​ មន្ត្រីមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់មិនត្រូវទិញ-លក់ ដោះដូរ ឬធ្វើលទ្ធកម្មដី​ ដើម្បីផលប្រយោជន៍ឯកជននៅតាមទីតាំងជាក់លាក់របស់គម្រោងនៅគ្រប់ ដំណាក់កាលនៃការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងជាដាច់ខាត ដរាបណាការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងមិនទាន់ត្រូវបានបញ្ចប់ជា ស្ថាពរ។ ការហាមឃាត់នេះត្រូវអនុវត្តផងដែរចំពោះសហព័ទ្ធ និងសាច់ញាតិរបស់មន្ត្រីមាន សមត្ថកិច្ច រាប់ទាំងញាតិលោហិត និងញាតិពន្ធតាមការកំណត់របស់ច្បាប់​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here