អភិបាលខេត្តត្បូងឃ្មុំ ចូលរួម​ជាមួយពលរដ្ឋជាង៦មុឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់

0
115

ដោយ:ប៉ៃ លិន
ត្បូងឃ្មុំ:​ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ ដ្បិត​ជាង២០០ឆ្នាំមកហើយ ដែលបងប្អូនប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រីនៅបឹងក្រមនេះជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បន្ទាប់ពីប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ ។

ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា ពិធីចាប់ត្រីនេះ ត្រូវបានអាក់ខានក្នុងរបបប៉ុលពត ប៉ុន្តែចាប់ពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកបានរៀបចំធ្វើពិធីនេះឡើងវិញ មានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តម​ អភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន មានប្រមាណជាង៦មុឺននាក់ដែលមកពីទីជិតឆ្ងាយ មកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនានាផងដែរ ។ ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់។

ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់បន្ថែមថា ការជួបជុំយ៉ាងអធិកអធមទាំងនេះ គឺអាចប្រព្រឹត្តិទៅបានដោយសារប្រទេសជាតិមានស្ថេរភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ខិតខំយកមកបាន ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព។
ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកចំអិនហូបជុំគ្នា រាំលេងកំសាន្ត ពិសេសឯកឧត្តមអភិបាលខេត្ត និងលោកជំទាវបានឧបត្ថម្ភដល់អ្នកដែលចូលរួមប្រកួតចាប់ត្រី ក្នុងនោះចាប់បានច្រើន គីឡូលើសគេ ទទួលបានប្រាក់រង្វាន់​ លេខ១ ទទួលបានថវិកា៥០មុឺនរៀល និងស្រាបៀរញាំលេងកំសាន្តរីករាយក្រោមម្លប់សន្តិភាពចំនួន ២កេះ លេខ២ លេខ៣ ទទួលបានប្រាក់រង្វាន់ និងស្រាបៀ ក្នុងម្នាក់២កេះ លេខ៤ដល់លេខ១២ ទទួលបានស្រាបៀ ក្នុងម្នាក់២កេះដូចៗគ្នា ក៏ដូចជាអ្នកចូលរួមប្រកួតចាប់ត្រីទាំងអស់ ទទួលបានថវិកាលើកទឹកចិត្ត ក្នុងម្នាក់៥មុឺនរៀលផងដែរ។

គួរ​បញ្ជាក់​ថា ការប្រារព្ធពិធីចាប់ត្រី នៅបឹងត្រពាំងក្រមនេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់បឹងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមាន៖ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម។
មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នេសាទ​ត្រី​ក្នុង​បឹង​ក្រម​នេះឡើយ ដើម្បី​រក្សា​វត្តមាន​ត្រីទុក​សម្រាប់​ពិធី​ចាប់​ត្រី ជារៀងរាល់ឆ្នាំ​។ ចំពោះការចាប់ត្រី ពលរដ្ឋអាច​ប្រើប្រាស់​បានតែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ ដូចជា​អង្រុត ឈ្នាង និង​ត្រក​ជាដើម ដើម្បី​ចាប់​ត្រី ក្នុង​ពិធី​នេះ ដោយតំបន់​បឹង​ក្រម មាន​ផ្ទៃដី​ប្រមាណ​៣០​ហិកតា និង​ផ្ទៃ​បឹង​ទំហំ​១​ហិកតា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here