លោកជំទាវ តោ ពិឡា ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ

0
119


ដោយ​ លឹម​ សិលា​
កំពង់ចាម​: លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ​ នាព្រឹកថ្ងៃទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ​ បាន​ដឹកនាំ​ក្រុមការងារ​ សហការណ៍ជាមួយ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន ៦ភូមិ នៅសាលាបឋមសិក្សាអ្នកតាស្នឹង ស្ថិតនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ បានថ្លែងអំណរគុណចំពោះ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត​ ដែលតែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះបំពេញបេសកកម្មមនុស្សធម៌​ ក្នុងការជួយពិនិត្យ​ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងពេលនេះ ក៏ដូចនៅក្នុងទូទាំងប្រទេស ដែលបានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងខេត្តកំពង់ចាម ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជន​ និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។
ជាមួយគ្នា​នោះ​ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមបន្តថែរក្សាសុខភាពឲ្យបានល្អថែមទៀត​ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រមទាំង​សូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បីការពារកុំឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ ដូចជាជំងឺគ្រុនឈាម ការបំបាត់ជម្រកមូស ការការពារកុំឲ្យមូសខាំ ហើយ​ប្រសិន​បើ​មាន​ករណី​មិន​ស្រួល​ សូមបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា​ផងដែរ​ ។

គួរ​បញ្ជាក់​ថា​ ការពិនិត្យសុខភាពនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះ​ គឺកិច្ចសហការជាមួយសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្តដោយមិនមានការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញល្អៗចំនួន២៤នាក់ ដឹកនាំដោយ លោកទន្តបណ្ឌិត តោ ប៊ូរផា និងលោកវេជ្ជបណ្ឌិត​ ឯកទេសភ្នែក តោ រេមី​ មកពិនិត្យ និងព្យាបាលជំងឺជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ចំនួនសរុប ២១៦នាក់ ស្មើនឹង​ ៣៧៥ករណី​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here