កាកបាទក្រហមខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី១៣ ជូនពលរដ្ឋទ័លលំបាក ១គ្រួសារ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះជាង៩០គ្រួសារ​ នៅស្រុកកោះសូទិន

0
147


ដោយ​ លឹម​ សិលា​
កំពង់ចាម:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត រួមនឹងព្រះមន្ត្រីសង្ឃ​ នាព្រឹកថ្ងៃទី​២៧ ខែមករា ឆ្នាំ២០២៣នេះ​ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី១៣​ ជូនប្រជាពលរដ្ឋ​ទ័លលំបាក ១គ្រួសារ នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប្រធានកាកបាទក្រហមកម្ពុជា​ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះដោយមានស្ត្រីមេម៉ាយទ័លលំបាក ចាស់ជរាគ្មានទីពឹង​ និងជនមានពិការភាព សរុប​ ៩២គ្រួសារ​ មកពី​ឃុំ​ទាំង៨ ក្នុង​ស្រុក​កោះសូទិន​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខចំពោះប្រជាពលរដ្ឋ​ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ:  តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។

ជាមួយគ្នា​នោះ​ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា  ក៏បានក្រើនរំលឹក ដល់លោកយាយ លោកតា​ បងប្អូនប្រជាពលរដ្ឋ សូមលើកកំពស់ការថែទាំសុខភាព អោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ក្តៅ- ត្រជាក់​ នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ ទៀត ។ ទន្ទឹមនេះ សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ ការពារ ៣កុំ”   និង អញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ។ លេីសពីនោះ​សូម​បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះអគ្គីភ័យ ដែលអាចបណ្តាលឱ្យបាត់បង់ ទ្រព្យសម្បត្តិ និងលំនៅដ្ឋាន ផងដែរ​ ។

គួរបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនគ្រួសារ លោក ជួន សាវឿន សម្រាប់សង្កត់ផ្ទះថ្មី​ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០​ម៉ឺន​រៀល​ ។ ជូនពលរដ្ឋងាយរងគ្រោះ សរុប​ ៩២គ្រួសារ, ក្នុង ១ គ្រួសារ ទទួលបាន ៖  អង្ករ ២៥ គីឡូក្រាម,  មី១កេស,  ត្រីខ ១០ កំប៉ុង ,  ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ,  ឃីត (សារុង មុង  ភួយ ក្រមា ) ១កញ្ចប់ សាប៊ូ ៦ដុំ, អាវយឺត ៤, ម៉ាស់ ១០បន្ទះ  និង ថវិកាចំនួន ៥ម៉ឺនរៀល ព្រមទាំង​ប្រគេនទេយ្យវត្ថុ ព្រះចៅអធិការ គង់នៅ វត្តមហាលាភ អង្ករ ១០០គីឡូក្រាម , ទឹកសុទ្ធ ២កេស, មី ៤កេស, ត្រីខ ៤០កំប៉ុង និងបច្ច័យ មួយចំនួន ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here