ឯឧត្តម ម៉ែន វិបុល ជំរុញដល់ប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំងអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ពិសេសអាជ្ញាធរមូលដ្ឋានត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន

0
94

ដោយ:ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជំរុញដល់ប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំងអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗ គ្នា ទាំងដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦ ពិសេសអាជ្ញាធរមូលដ្ឋានក្រុងស្រុកត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន។

ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត  និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបានល្អប្រសើ។

ឯកឧត្តមក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖   ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តជំរុញដល់អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការព្រមទាំងពង្រឹងការការនុវត្តការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធភាព និងរដ្ឋបាលក្រុង-ស្រុក ត្រូវជម្រុញការរៀបចំផែនការ ថវិកាឃុំសង្កាត់ឱ្យបានឆាប់រហ័សផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here