ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងផ្ដាំផ្ញើដល់សិស្សប្រឡងជាប់និទ្ទេសAចំនួន១៧រូបត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន

0
89


ដោយ:ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានធ្វើការផ្ដាំផ្ញើដល់សិស្សប្រឡងជាប់និទ្ទេសAចំនួន១៧រូប ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួននិងមិនត្រូវមានមោទកភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួន។

ការផ្ដាំផ្ញើបែបនេះរបស់ឯកឧត្តមអភិបាលខេត្តស្វាយរៀងធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូជូនដល់សិស្សប្រឡងជាប់និទ្ទេសAចំនួន១៧រូបនៅខេត្តស្វាយរៀង ក្នុងការប្រឡងសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A និងសូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំង១៧រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តម បន្តថា ក្នុងនាមអាជ្ញាធរខេត្ត ពិតជាមានការកោតសរសើរ និងមានមោទកភាព បើទោះកំឡុងពេលសិក្សាបានជួបនឹងបញ្ហាប្រឈមដោយសាវិបត្តិនៃជំងឺកូវីដ១៩ ក៏យើងសង្កេតឃើញថា តាមរយៈលទ្ធផលប្រឡង ខេត្តរបស់យើង ក៏នៅតែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជាង ៧០% និងទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ដោយមានមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្តជំរុញតាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន ក្នុងនោះគណៈគ្រប់សាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សនៅក្នុងស្ថានភាពដ៏លំបាកទាំងដោយផ្ទាល់ផង ទាំងអនឡាញផង ឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។

ឯកឧត្តម ម៉ែន វិបុល បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដល់ក្មួយៗដូចខាងក្រោម៖ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត
ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម។
ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ។
ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសង។
ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ ។

ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ ។

បន្ទាប់មក​ ឯកឧត្តម មែន វិបុល អភិបាលខេត្តក៏បានប្រគល់រង្វាន់សម្រាប់សិស្សនិទ្ទេស A ទាំង ១៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖
ម៉ូតូ ហុងដា Wave ស៊េរីឆ្នាំ២០២២ ចំនួន ០១គ្រឿង និងថវិកា ១០ម៉ឺនរៀល ។
ដោយឡែក លោកប្រធានការិយាល័យអប់រំក្រុង ស្រុក ទាំង៦ និងលោកនាយកវិទ្យាល័យ ទាំង១១ ក៏ត្រូវបានទទួលថវិការពីឯកឧត្តមអភិបាលខេត្ត ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here