សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចតែងតាំង ឯកឧត្តម ប៉ាន សូរស័ក្ដិ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​

0
118


ដោយ លឹម សិលា
កំពង់ចាម​:​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង ឯកឧត្តម ប៉ាន សូរស័ក្ដិ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីបំពេញភារកិច្ចបន្តពី សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព និងតែងតាំងអនុប្រធានកិត្តិយសចំនួន ២៥រូបទៀត​ ។ ពិធីប្រកាសទទួលស្គាល់ ប្រធាន-អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៥នេះ បានធ្វេីឡេីងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ ។

ថ្លែង​ក្នុង​ពិធី​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា “ក្នុងរយៈពេល ៣ឆ្នាំកន្លងទៅ ដោយមានការណែនាំ តម្រង់ទិសពី សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង, សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការផ្តល់សេវាកម្ម​ មនុស្សធម៌ ផ្តោតទៅលើវិស័យអាទិភាពទាំង៤ ដោយបានឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែង​ នៃភាពងាយរងគ្រោះ ហើយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់​ ផងដែរ​ ។

​ឯកឧត្តម ប៉ាន សូរស័ក្ដិ បានសន្យាថា នឹងរៀនសូត្រយកតម្រាប់តាមគំរូស្នាដៃដ៏ប្រពៃរបស់ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង តាមរយៈនៃការ ខិតខំកៀរគររកមូលនិធិ ថវិកាពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដើម្បីជួយបន្តនិរន្តរភាពទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តាមគ្រប់លទ្ធភាព ធានាឱ្យសាខាម្ចាស់ការបំពេញបេសកកម្មមនុស្សធម៌ដ៏ ឧត្តុង្គឧត្តម និងការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ព្រមទាំង ការចូលរួមពង្រឹងសមត្ថភាពរបស់កាកបាទក្រហមកម្ពុជា ដូចពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ ទីកន្លែងសម្រាប់គ្រប់ៗគ្នា”។

ក្នុង​ឱកាស​នោះ​ដែរ​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំនូវអនុសាសន៍របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា​  ជម្រាបជូនចំពោះសាខាកាកបាទក្រហមកម្ពុជាទាំងអស់ សូមបន្តពង្រឹង ពង្រីកសមត្ថភាពបន្ថែមទៀតទាំងថ្នាក់កណ្តាល សាខា អនុសាខា ដើម្បីដឹកនាំអ្នកស្ម័គ្រចិត្ត និងយុវជនឱ្យបំពេញការងារមនុស្សធម៌បានពេញលេញនៅតាមសហគមន៍។ និងសូមយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ឱ្យចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានាផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here