អាជ្ញាធរខេត្តកំពង់ចាម បើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៣ ដើម្បីអបអរសាទរទិវាជ័យជំនះថ្ងៃ៧មករា

0
169

ដោយ:លឹម សិលា
កំពង់ចាម ៖ លោកស្រី ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៣ ដើម្បី ចូលរួមអបអរសាទរទិវាជ័យជំនះ ខួបលើកទី៤៤ឆ្នាំ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩–២០២៣ ក្រោមការរៀបចំ ពីមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ។

ថ្លែងក្នុងពិធីនោះ លោកស្រី ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម បានលើកឡើងថា វិស័យ អប់រំកាយ និងកីឡា គឺជាវិស័យមួយដែលប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូមឲ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា ឲ្យបានគ្រប់ៗគ្នា ពិសេសកីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ ។ លោកស្រីអភិបាលរងខេត្ត បានធ្វើការផ្តាំផ្ញើសូមឲ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណី វប្បធម៌ ក្នុងពេលប្រកួតឲ្យបានខ្ជាប់ខ្ជួន ដើម្បីដណ្ដើមយកជ័យជំនះជូនមន្ទីរ អង្គភាពរបស់ខ្លួន និងបានក្លាយខ្លួនទៅជាកីឡាករ កីឡាការនីឆ្នើម សម្រាប់ទៅចូលរួម ប្រកួត នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសការប្រកួតកីឡាថ្នាក់តំបន់អាស៊ានស៊ី ហ្គេម ឆ្នាំ២០២៣នេះ ។

ជាមួយគ្នានោះ លោកស្រី ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម ក៏បានបញ្ជាក់ផងដែរថា ពិធីប្រកួត កីឡាមហាជននេះ គឺធ្វើឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រើន ជាលំដាប់ ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព និងចូលរួមអបអរសាទរទិវាជ័យ ជំនះខួបទី៤៤ ថ្ងៃ៧មករា ឆ្នាំ១៩៧៩–២០២៣ ក្រោមការដឹកនាំគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ក៏ដូ ចប្រជាជនកម្ពុជា បានរួចផុសពីរបបដ៏ខ្មៅងងឹត និងពោលពេញទៅដោយភាពឈឺចាប់បំផុតដែល មិនអាចបំភ្លេចបានឡើយ។ ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយើងត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍន៍ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមកីឡាករកីឡាការិនី មន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួម ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៣នេះ សរុបចំនួន១១០ក្រុម ដែលមានកីឡាករ កីឡាការិនី​ សរុបចំនួន៨៤ ៦នាក់ និងគ្រូបង្វឹកចំនួន ១៧៤នាក់ ហើយប្រភេទកីឡាដែលបានដាក់ឲ្យប្រកួត​ រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់ប៊ូល កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសី ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here