ឯកឧត្តម អ៊ុន ចាន់ដា ផ្តល់កុំព្យូទ័រយួរដៃ និងថវិកាជារង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២១នាក់ នៅក្រុងខេត្តកំពង់ចាម

0
170

ដោយ លឹម សិលា
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់កុំព្យូទ័រយួរដៃ និងថវិកាមួយចំនួន ដល់សិស្សប្រលងជាប់និទ្ទេសA ចំនួន ២១នាក់ នៅក្រុងកំពង់ចាម ដើម្បីលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបាននិទ្ទេសល្អ ដែលពិធីនេះត្រូវបានធ្វើ ឡើងនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា នេះជាការទឹកចិត្ត របស់ឯកឧត្តមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់ខេត្តកំពង់ចាម ផងដែរ ។

ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ត្រូវបន្តកា រសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បី ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈ ការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសល របស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ ។ លើសពីនោះ នៅពេល ដែលក្មួយៗ បានបន្តនៅកម្រិតឧត្តមសិក្សាហើយ សូមក្មួយៗខិតខំព្យាយាមរៀនសូត្រ ឲ្យបានពូែក ធ្វើយ៉ាងណា ឲ្យក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹងដោយមានគុណធម៌ មកបម្រើជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាភាពរីកចំរើន ដល់ក្រុមគ្រួសារ ទន្ទឹមនោះ នៅពេលដែលក្មួយៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកខេត្តកំពង់ចាមវិញ ដើម្បីរួមគ្នា កសាងអភិវឌ្ឍ ខេត្តរបស់យើង ឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត ។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំង ខេត្តកំពង់ចាម មានបេក្ខជនមកប្រលងចំនួន ៨.១៧៧នាក់ បេក្ខជនប្រលងជាប់ចំនួន ៥.៧៩៩នាក់ ស្មើនឹង ៧០,៩២% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ៧៣នាក់ ខណៈបេក្ខជនប្រលង ជាប់និទ្ទេស A នៅទូទាំងប្រទេស មានចំនួន ១.០៤៩នាក់ ។

គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែលឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅក្រុងកំពង់ចាមទាំង ២១នាក់ ក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ (latop) ១ គ្រឿង, ថវិកា ចំនួន ៤០ម៉ឺនរៀល , សៀវភៅ ២០ក្បាល, ប៊ិច និងខ្មៅដៃ ចំនួន ១០ដើម​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here