អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវរួមគ្នា អនុវត្តទៅតាមបំណែងចែកភារកិច្ចដែលរដ្ឋបាលខេត្តដាក់ចេញ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់

0
219

ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ រួមជាមួយនឹងមន្ទីរ អង្គភាពពាក់ព័ន្ធផ្សេងៗទៀត ត្រូវរួមគ្នា អនុវត្តទៅតាមបំណែងចែកភារកិច្ច របស់រដ្ឋបាលខេត្តបានដាក់ជូន ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ទៅជាផ្លូវ ៤គន្លង ចាប់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ឆ្ពោះទៅដល់ចំណុចគល់ស្ពានគីហ្សុណា ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្ដមអភិបាលខេត្ត​ បានបញ្ជាក់ថា បើគិតពីពេលនេះ រហូតដល់ពេល នៃការប្រារព្ធពិធីសម្ពោធនោះ គឺនៅសល់ពេលខ្លីណាស់ ។ អីចឹងទេ តម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើតួនាទីភារកិច្ច ដើម្បី រាប់រងលើកិច្ចការ របស់ខ្លួនទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេល នៃការប្រារព្ធពិធីបើកការដ្ឋានស្ថាបនាពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ជាពិសេស ការថែរក្សា សន្តិសុខ សុវត្ថិភាព រួមទាំង ការទទួលបដិសណ្ឋារកិច្ចប្រតិភូ និងភ្ញៀវកិត្តិយសចូលរួម ឲ្យបានអធិកអធម ដើម្បី ជម្រុញឲ្យកិច្ចដំណើរការពិធីខាងលើ ប្រព្រឹត្តទៅបានល្អប្រសើរ និងសម្រេចលទ្ធផលជោគជ័យ តាមផែនការគ្រោងទុក ។ ក្រៅពីនោះ យើងក៏មានកិច្ចសេសសល់មួយចំនួនទៀត ត្រូវរួមគ្នាពិភាក្សា នៅមុនថ្ងៃកម្មវិធីមកដល់ ផងដែរ ។

គួរ​បញ្ជាក់​ថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ទៅជាផ្លូវ ៤គន្លង ចាប់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ឆ្ពោះទៅដល់ចំណុច គល់ស្ពានគីហ្សុណា ក្រុងកំពង់ចាម ដែលមានប្រវែង ៤៥,៤៩គ.ម ។ ជាមួយនោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការជូនដំណឹង ស្ដីពីផ្អាកការចរាចរបណ្ដោះអាសន្ន ដោយតម្រូវឲ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវជាតិលេខ ៦ និងលេខ ៧ បញ្ជៀសទៅចរាចរផ្លូវវាង នាឱកាសសម្ដេចអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវខាងលើ នាថ្ងៃទី៩ មករា ខាងមុខ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here