អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យលទ្ធភាព ស្ថាបនាផ្លូវ ១ខ្សែ ប្រវែងជាង ១១គ.ម ចាប់ពីចំណុចឃុំអូរស្វាយ ឆ្ពោះទៅកាន់ឃុំស្រក ស្រុកកំពង់សៀម

0
102

ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការបង្កើនប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋតាមរយៈ ការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ឬទីប្រជុំជន បានកាន់តែឆាប់រហ័សជាងមុន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះបានដឹកនាំថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន អញ្ជើញពិនិត្យលទ្ធភាពផ្លូវគ្រួសក្រហម១ខ្សែ ប្រវែង ១១.៩៦០ម៉ែត្រ ស្ថិតក្នុងឃុំអូរស្វាយ ឃុំស្រក ស្រុកកំពង់សៀម ដើម្បីកែប្រែឲ្យយទៅជាផ្លូវកៅស៊ូ២ជាន់ ប្រភេទDBST ។

សូមជម្រាបថា ផ្អែកតាមសំណើរបស់អាជ្ញាធរស្រុកកំពង់សៀម គឺបានស្នើរដ្ឋបាលខេត្តកំពង់ចាម ដើម្បី ស្ថាបនាផ្លូវ ១ខ្សែ មានប្រវែងសរុប ១១.៩៦០ម៉ែត្រ គុណនឹងទទឹង ៧ម៉ែត្រ តភ្ជាប់ចាប់ពីចំណុចភូមិអន្លង់ស្នូក នៃឃុំអូរស្វាយ ឆ្ពោះទៅចំណុចភូមិល្ពាក នៃឃុំស្រក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ផ្លូវនេះគឺជាផ្លូវអន្តរឃុំ និងជាផ្លូវយុទ្ធសាស្ត្រសំខាន់មួយដែលមានបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ច្រើនដូចជា ៖ ការដឹកកសិផលមកកាន់ទីផ្សារ និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗទៀត។ បច្ចុប្បន្នផ្លូវមានស្ថានភាពលំបាក ខូច ហុយ និងរំខានដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់ ។

បើតាមការបញ្ជាក់ពីឯកឧត្ដម អ៊ុន ចាន់ដា ឲ្យដឹងថា ផ្អែកតាមការចុះពិនិត្យស្ថានភាពជាក់ស្ដែង ក្រៅពីការស្ថាបនាជាផ្លូវក្រាលកៅស៊ូទៅលើផ្លូវ១ខ្សែនេះហើយយើងក៏រៀបចំសាងសង់ជាសំណង់សិល្បះការមួយចំនួនបន្ថែមទៀត ផងដែរ ។

ឯកឧត្ដមបញ្ជាក់ដែរថា គម្រោងនេះប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត តាមការរំពឹងទុក យើងនឹងធ្វើការស្ថាបនាគម្រោងនេះនាពេលឆាប់ៗខាងមុខ ។ ដូច្នេះសូមឲ្យក្រុមការងារបច្ចេកទេសសិក្សាលម្អិតបន្ថែមទៀត ដើម្បីយើងរកពេលវេលាច្បាស់លាស់បើកការដ្ឋានស្ថាបនាតែម្ដង ។

បើទោះបីជាគម្រោងមិនទាន់ចាប់ផ្ដើមក៏ដោយ គេសង្កេតឃើញថា អាជ្ញាធរឃុំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានផលប្រយោជន៍បានសម្ដែងនូវសេចក្ដីរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចុះមកពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង ព្រមទាំងបានផ្ដល់នូវផ្លូវកៅស៊ូ ដែលពុំធ្លាប់មានពីមុនមកទុកជូនពួកគាត់បានប្រើប្រាស់ នាពេលអនាគត ។ មានផ្លូវមានសង្ឃឹម ។ មានផ្លូវល្អ ធ្វើឲ្យកម្រិតរបស់ជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here