កងពលធំអន្តរាគមន៍លេខ៣ បើកវគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាពយោធិន ឲ្យទទួលបានជំនាញច្បាស់លាស់ក្នុងយុទ្ធវិធីថ្មើជើង ពង្រឹងបានទាំងស្មារតី និងមានប្រៀបក្នុងការប្រយុទ្ធនៅលើ សមរភូមិ!

0
281

ដោយ:លីណា
ព្រះវិហារ៖ ៖ កងឯកភាព នៃកងពលធំអន្តរាគមន៍លេខ៣ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅ ដើម្បីពង្រឹងសមត្ថភាពយោធិន ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានចូលរួមពីលោកមេបញ្ជាការ លោកមេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងលោកមេបញ្ជាការ លោកមេបញ្ជាការរង កងឯកភាព កងពលតូចអន្តរាគមន៍លេខ ៧,៨,៩ ព្រមទាំងយោធាចារ្យ កម្មសិក្សាការី នាយទាហាន និងនាយទាហានរង ជាច្រើនរូបទៀត ផងដែរ ។

លោកវរសេនីយ៍ត្រី ផល ឌី នាយការិយាល័យហ្វឹកហ្វឺន នៃកងឯកភាព កងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា៖ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ កងពលធំអន្តរាគមលេខ៣ បានកំណត់ច្បាស់អំពីសកម្មភាពយោធាក្នុងបច្ចុប្បន្ន ក៏ដូចជាថ្ងៃអនាគត ដោយចាត់ទុកការងារហ្វឹកហ្វឺនគឺជាការងារអាទិភាពចាំបាច់ ត្រូវដំណើរការជាប្រចាំដូចភ្លៀងរលឹម។ សំដៅបង្កើនចំណេះដឹង ចំណេះធ្វើក៏ដូចជាសកម្មភាពប្រយុទ្ធរបស់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលធំអន្តរាគមលេខ៣ ទាំងមូល តាមគោលការណ៍ដឹកនាំអនុវត្ត ឆ្នាំ២០២២ ដោយពង្រឹងខ្សែរយៈដឹកនាំបញ្ជាការងារហ្វឹកហ្វឺនឲ្យបានរឹងមាំ បំប៉នយោធិនគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញតាមផែនការ ពង្រឹងយោធាចារ្យ និងគ្រូបង្គោលតាមបណ្ដាកងឯកភាព ចំណុះកងពលធំអន្តរាគមន៍លេខ៣ ស្របតាមផែនការ កែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ របស់រដ្ឋាភិបាលកម្ពុជា ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា  ការបើកវគ្គហ្វឹកហ្វឺន គឺដើម្បីពង្រឹងសមត្ថភាព និងស្មារតីដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងការអនុវត្តឲ្យកាន់តែច្បាស់ អំពីវិធីសាស្ត្រក្នុងការប្រយុទ្ធ ទប់ទល់ការពារទីតាំងឱ្យកាន់តែស្ទាត់ជំនាញ ក្នុងការអនុវត្តន៍បទបញ្ជាអន្តរាគមន៍ និងពេលប្រយុទ្ធនៅលើសមរភូមិ។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺដើម្បីបង្កើនសមត្ថភាព ជាមេបញ្ជាការ ជាអ្នកដឹកនាំ ថ្នាក់ក្រុមកងអនុសេនាតូច កងអនុសេនាធំ ត្រូវចេះគ្រប់គ្រងស្ថានការណ៍ និងចាត់តាំងប្រុងប្រៀបមុន និងក្រោយពេលប្រយុទ្ធ ចល័តរកភូមិសាស្ត្រ សំដៅលើទិសប្រយុទ្ធ ដើម្បីធានាបានប្រៀបឈ្នះ លើខ្មាំងសត្រូវ ក្នុងការការពារទីតាំងក្នុងតំបន់ភូមិសាស្ត្រ ដែលកំពុងឈរជើង និងការទទួលខុសត្រូវនាពេលបច្ចុប្បន្ន និងអនាគត ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏បានក្រើនរំលឹក ដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សា រៀនសូត្រ និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅបម្រើការងារនៅអង្គភាព ឱ្យមានប្រសិទ្ឋភាព  និងត្រូវយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ឥតងាករេ ការពារ និងគោរពដាច់ខាត នូវបទបញ្ជារបស់ រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ឲ្យបានដាច់ខាត ។

តំណាងកម្មសិក្សាការី បានឡើងធ្វើការប្តេជ្ញាចិត្តជូនគណៈអធិបតី ក៏ដូចជាអង្គពិធី ដូចខាងក្រោម៖
១-ប្ដេជ្ញាស្មោះត្រង់ដាច់ខាតចំពោះ ជាតិសាសនាព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ការពារព្រះមហាក្សត្រការពារនាយករដ្ឋមន្ត្រីស្របច្បាប់ ការពារសុខសន្តិភាពអធិបតេយ្យភាពបូរណភាពទឹកដី ឲ្យបានស្ថិតស្ថេរឹងមាំជាអមតៈ ។
២-ប្ដេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បទបញ្ជា ដ៏ខ្ពង់ខ្ពស់ ១០ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុនសែន ។
៣-ប្ដេជ្ញាលើសកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់  គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅ របស់កងយុទ្ធពលខេមរៈភូមិន្ទ ។
៤-ប្ដេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់រៀនសូត្រ ដោយយកចំណេះដឹង ដែលទទួលបាន ប្រែក្លាយជាសកម្មភាពជាក់ស្ដែង ក្នុងការបំពេញ និង សម្រេចភារកិច្ចជូនអង្គភាព ។
៥-ប្ដេជ្ញាខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអភិវឌ្ឍសមត្ថភាព ប្រែក្លាយជាកងទ័ពទំនើបមានវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ សម្រេចរាល់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here