ឯកឧត្តម​ អ៊ិត​ ប្រាំង​ ចុះស្វែងយល់ការពិតនៃបញ្ហាលំបាក និងសំណូមពរពាក់ព័ន្ធ និងជីវភាពរស់នៅ របស់​ពលរដ្ឋ​​ ក្នុង​សង្កាត់​បឹងកុក​

0
115

ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ ឯកឧត្តម​ អ៊ិត​ ប្រាំង​ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បាន​អញ្ជើញ​ចុះស្វែងយល់ការពិតនៃបញ្ហាលំបាក និងសំណូមពរពាក់ព័ន្ធ និងជីវភាពរស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​​​ ក្នុងភូមិ​ឡឥដ្ឋ សង្កាត់បឹកុក ក្រុងកំពង់ចាម​ ។

ឯកឧត្តម​ អ៊ិត​ ប្រាំង​ បាន​ថ្លែង​ថា​ ក្នុង​ការជួបសំណេះសំណាលនេះ ពុំមានមន្ត្រីសង្កាត់ និងភូមិ ចូលរួមជាមួយទេ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋចូលរួមលើកមតិយោបល់ដោយសេរី​ ដើម្បីស្វែងយល់ការពិតនៃបញ្ហាលំបាក និងសំណូមពរពាក់ព័ន្ធ និងជីវភាពរស់នៅ រួមមាន​ មុខរបរ សេវារដ្ឋបាល ការធ្វើអត្តសញ្ញាណប័ណ្ណ ការធ្វើលិខិតស្នាម ផ្សេងៗ សន្តិសុខ សណ្ដាប់ធ្នាប់ ល្បែងស៊ីសង ថ្នាំញៀន សេវាសាធារណៈ អគ្គិសនី ទឹក ផ្លូវ លូ បរិស្ថាន សុខភាព អនាម័យ ការព្យាបាល មន្ទីរពេទ្យ ការរៀនសូត្រ សាលារៀន ការលក់ដូរ បញ្ហានៅ ក្នុងផ្សារ ការអភិវឌ្ឍភូមិ តុលាការ និងការថ្នាំងថ្នាក់ ឬការមិនពេញចិត្តនឹងគោលនយោបាយ ថ្នាំងថ្នាក់នឹង មន្ត្រី និងអ្នកជិត ខាង។ល។ ជាពិសេសការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ (រៀនរស់ជាមួយកូវីដ-១៩) ការចាក់ ថ្នាំជំរុញបង្ការជំងឺកូវីដ-១៩ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។​

នា​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​ អ៊ិត​ ប្រាំង បានឆ្លើយតប និងបកស្រាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែលមានដូចជាការស្នេីសុំ​ដោះស្រាយ​បញ្ហា​បង់​ព័ន្ធ​ដី សុំលូ​រំដោះ​ទឹក​ភ្លៀង​ សុំ​ផ្លូវ​ និងសុំ​ភ្លេីង​បំភ្លឺ​ផ្លូវ​ ជាពិសេស​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជាង​១០០គ្រួសារ​ បាន​ទិញ​ដី​បង់​រំលោះ​ពី​លោក​ ម៉ៅ​ ហេង​ នៅ​ភូមិ​ឡឥដ្ឋ​ ជាច្រើន​ឆ្នាំ​ហើយ​តែ​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​នៅឡេីយ​ ។

គួរ​បញ្ជាក់​ថា​ ពាក់ព័ន្ធនឹង​បងប្អូន​ប្រជាពលរដ្ឋ​ ដែលបាន​ទិញដី​ពី​លោក​ មៅ​ ហេង​ នៅ​ភូមិ​ឡឥដ្ឋ​ តែ​គ្មាន​​​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​​ដីធ្លី​ស្របច្បាប់​ត្រឹមត្រូវ​​នោះ​ ឯកឧត្តម​ អ៊ិត​ ប្រាំង បាន​សន្យា​ថា​ លោកនឹង​ស្នើ​សុំឡើង​ទៅ​ថ្នាក់​ជាតិ​ ​ដេីម្បី​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here