កងពលធំអន្តរាគមន៍លេខ៣ នាំយកថវិកាសប្បុរសធម៌ ប្រមាណជាងពីរម៉ឺនដុល្លារសហរដ្ឋអាមេរិច បរិច្ចាគបន្តជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប!

0
141

សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ មាស វណ្ណារី មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយថ្នាក់ដឹកនាំ កងពលតូចអន្តរាគមន៍លេខ ៧,៨,៩ នាំយកថវិកា សប្បុរសធម៌ សរុបចំនួន ២ម៉ឺន ប្រាំពាន់ ដុល្លារសហរដ្ឋអាមេរិច បរិច្ចាគបន្តជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ មាស វណ្ណារី ថ្លែងក្នុងនាមលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏ដូចជាថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទូទាំងកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍លេខ ៧,៨,៩ នៅតែប្តេជ្ញាបន្តចូលរួមបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យទាំងពីរ ដើម្បីរួមចំណែកបន្តររក្សានិរន្តរភាព នៃកិច្ចដំណើរការព្យាបាល របស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ នៃខេត្តសៀមរាប ក្នុងគោលដៅ ជួយសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពរបស់ទារក ស្រ្តីមានផ្ទៃពោះ សម្រាលកូន និងកុមារនៅកម្ពុជា។
ចូលរួមថែរក្សាមរតក និងការតបស្នងគុណោបការៈដ៏មហាធំធេង របស់ឯកឧត្តមសាស្ត្រាចារ្យ Beat Richner ព្រមទាំងសហការី ក្រុមការងារបុគ្គលិក នៃមន្ទីពេទ្យទាំង២

ឧត្តមសេនីយ៍ទោ មាស វណ្ណារី មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ មានប្រសាសន៍ថា៖ ចំពោះថវិកាពីរម៉ឺនប្រាំពាន់ដុល្លាសហរដ្ឋអាមេរិច ដែលនាំយកមកបរិច្ចាគ ជូនដល់មន្ទីរពេទ្យទាំងពីរ គឺបានមកពីការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន និងដោយស្ម័គ្រចិត្ត របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣។

ក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផាទទួលបានថវិកាចំនួន ៥០,០០០,០០០(ហាសិបលានរៀល)និងមន្ទីរពេទ្យកុមារអង្គរចំនួន ៥០,០០០,០០០ (ហាសិបលានរៀល) ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ មាស វណ្ណារី បានធ្វើការអំពាវនាវដល់សប្បុរសជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ចូលរួមគាំទ្រជាសមាជិក របស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ ដោយធ្វើការបរិច្ចាគចាប់ពី ៥,០០០៛/ខែ ឬ៦០,០០០៛/ឆ្នាំ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ ដើម្បីនិរន្តរភាពរបស់មន្ទីរពេទ្យទាំង២ នៅក្នុងបេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា និងជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប ចំពោះទឹកចិត្តសប្បុរសធម៌ តំណាងមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ក៏ដូចជាតំណាងមូលនិធិ នៃមន្ទីរពេទ្យកុមារអង្គរ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងពលតូចអន្តរាគមន៍ចំណុះទាំង៣។ ចំពោះទឹកចិត្តសប្បុរសធម៌ក្នុងការបរិច្ចាគ នូវថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើងចំពោះវណ្ណៈមនុស្សជាតិ៕ សួនលីណា

LEAVE A REPLY

Please enter your comment!
Please enter your name here