អភិបាលខេត្តកំពង់ចាម​ អះអាងថា​ នឹងមិនលើកលែងជាដាច់ខាត ចំពោះជនទាំងឡាយណា ដែលលូកដៃអន្តរាគមន៍ ឲ្យមានការដោះលែងជនល្មើសក្នុងអំពើជួញដូរមនុស្ស

0
111

ដោយ​: លឹម​ សិលា​
កំពង់ចាម​ ៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអះអាងថា​ លោកនឹងមិនលើកលែងជាដាច់ខាត ចំពោះជនទាំងឡាយណា ដែលលូកដៃអន្តរាគមន៍ ឲ្យមានការដោះលែងជនល្មើសក្នុងអំពើជួញដូរមនុស្ស​ ហេីយលោកនឹងមានវិធានការយ៉ាងតឹងរឹងបំផុត ចំពោះជនជាមេខ្យល់ទាំងឡាយនោះ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ប្រកបដោយចីរភាព» ដែល​បាន​ធ្វើឡើង​នៅ​ស្រុកស្ទឹងត្រង់​ នាព្រឹកថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ​២០២២​ ។

ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្ដមអភិបាលខេត្ត​ បានថ្លែងថា​ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែប្រារព្ធទិវាជាតិនេះឡើង ជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំង ការផ្សព្វផ្សាយខិតប័ណ្ណ តាមសាលារៀន និងទិសាធារណៈនានា នៅទូទាំងខេត្ត ដែលមានអ្នកចូលរួម និងទទួលបាននូវខិតប័ណ្ណ រហូតដល់រាប់សែននាក់ ដើម្បីបំផុសការយល់ដឹងយ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការ នៃអំពើរជួញដូរមនុស្ស ដែលបង្កគ្រោះមហន្តរាយ ដល់មនុស្ស ក្មេង ចាស់ ប្រុស ស្រី និងដល់សង្គមជាតិ ឥតឈប់ឈរ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅតាមមូលដ្ឋាននានា ។ ក្រៅពីនោះ ការរៀបចំកម្មវិធីនេះ ក៏ជាឱកាសមួយ ក្នុងការដាស់តឿន ដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់ស្ថានភាព គ្រប់មជ្ឈដ្ឋាន ឲ្យប្រុងប្រយ័ត្ន ចំពោះល្បិចកលថ្មីៗ របស់ជនល្មើសជូញដូរមនុស្ស ផងដែរ ។

ជាមួយគ្នានោះ​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានធ្វើការអំពាវនាវ ដល់បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេសកងកម្លាំងមានសមត្ថកិច្ច នៅមូលដ្ឋាន សូមចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ព្រមទាំង​សូមចូលរួមទាំងអស់គ្នា បន្តទៀត ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព នោះគឺការចូលរួមអនុវត្តនូវគោលនយោបាយទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល គឺ ៖ ១.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។ ២.មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៣.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ។ និង៤.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here