ប្រព័ន្ធលូ​ និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៅក្រុងកំពង់ចាម​ គ្រោងសាងសង់ក្នុង​រង្វង់ទឹកប្រាក់​ជាង ២២លានដុល្លារ

0
319

ដោយ:លឹម​ សិលា​
កំពង់ចាម ៖​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​១៩ ខែធ្នូ​ ឆ្នាំ​០២២​នេះ​ បានដឹកនាំកិច្ចប្រជុំពិភាក្សា​កាងារ​សាងសង់​​ប្រព័ន្ធលូ​ និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៅក្រុងកំពង់ចាម​ ក្នុង​រង្វង់ទឹកប្រាក់​ប្រមាណ​​ជាង ២២លានដុល្លារអាមេរិក ​ដែល​នឹង​បេីក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខនេះ។

បើតាម លោក ហូ រដ្ឋា មន្ត្រីក្រុមប្រឹក្សាបច្ចេកទេស បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម គឺបែងចែកជាតំបន់ ដែលត្រូវប្រមូលទឹកកខ្វក់ ចេញពីផ្ទះប្រជាពលរដ្ឋ និងតំបន់អាគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយចំនួន ដើម្បី ចម្រោះទឹកស្អុយ ដែលអាចយកមកប្រើប្រាស់ស្រោចស្របបាន ដូចទឹកធម្មជាតិដែរ ដែលផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជា ទីក្រុងកំពង់ចាម ទាំងមូល នាពេលស្ថានីយ៍ចម្រោះទឹកកខ្វក់នេះ បានសាងសង់រួចនោះ។ ទោះជាយ៉ាងណា ក្នុងដំណើរការសាងសង់ អាចមានផលប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋខ្លះៗ ដែលតម្រូវឲ្យមានការសម្របសម្រួលពីអាជ្ញាធរ ដើម្បី ប្រជាពលរដ្ឋសហការ ជាមួយនឹងក្រុមការងារ ក្នុងន័យឲ្យគម្រោងដំណើរការសាងសង់ បានទៅដោយរលូនទៅមុខ។

ដោយឡែក ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការបរិច្ឆេទច្បាស់លាស់ នៃដំណើរការសាងសង់ប្រព័ន្ធចម្រោះទឹកក្រខ្វក់នេះ ត្រូវរងចាំ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ រៀបចំពិធី ដើម្បី ប្រកាសដាក់ឲ្យដំណើរការ ។ ប៉ុន្តែ សូមឲ្យរដ្ឋបាលខេត្តកំពង់ចាម ត្រៀមជាស្រេច ដើម្បី ចាប់ផ្ដើមដំណើរការ ផងដែរ ។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្តកំពង់ចាម សូមឱ្យត្រៀមរៀបចំធនធានមនុស្ស ទុកជាស្រេច ដើម្បី ចូលទៅគ្រប់គ្រងសមិទ្ធផល នាពេលគម្រោងដំណើរការរួចរាល់ ជាស្ថាពរនោះ ។ ពីព្រោះ បញ្ហានេះ បានកើតមានឡើង នៅតាមបណ្ដាខេត្តផ្សេងៗ ដែលក្រោយពេលទទួលសមិទ្ធផលហើយ បានជួបបញ្ហា រៀបចំធនធានមនុស្ស ដើម្បី គ្រប់គ្រង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here