អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ គ្មានទេការរើងអើងចំពោះ ជនមានពិការភាព ខណៈសិទ្ធិរបស់ជនមានពិការភាព ត្រូវបានការពារដោយច្បាប់

0
130

ដោយ​:លឹម​ សិលា​
កំពង់ចាម​ ៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ គ្មានទេការរើងអើងចំពោះ ជនមានពិការភាព ខណៈសិទ្ធិរបស់ជនមានពិការភាព ត្រូវបានការពារដោយច្បាប់ជាតិ​ និងអន្ដរជាតិ ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នា រវាងជនមានពិការភាព និងមិនមានពិការភាព។​ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធ​ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ» ដែលបានធ្វើឡើងនៅសាលា​ស្រុកកំពង់សៀម​ នាព្រឹកថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២​។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអាននូវសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយបញ្ជាក់ថា​ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិត យ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព​ ដើម្បីបង្កើនការងារ​ និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រីកអាជីព​ និងមុខរបរ​ ដើម្បីបង្កើនជីវភាព រស់នៅបានសមរម្យជូនជនមានពិការភាព។ ទន្ទឹមនឹងនេះ ការផ្ដល់លទ្ធភាពទទួលបានការអប់រំ​ និងបណ្ដុះបណ្ដាល បច្ចេកទេសជំនាញ និងវិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំដល់ជនមានពិការភាព​ ប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគមួយដ៏មានសារៈប្រយោជន៍​ និងនិរន្តភាព។

កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈ ងាយស្រួលសម្រាប់ជនមានពិការភាព សំដៅជំរុញឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់​ និងគ្រោងសាងសង់ថ្មីឱ្យមានការរៀបចំការបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ) សម្រាប់ជនមានពិការភាព ដូចជាជម្រាល បង្កាន់ដៃ ជណ្តើរយន្ត ជណ្តើរយោង បង្គន់អនាម័យ ជាដើម ដែលជនមានពិការភាពអាចប្រើប្រាស់បាន។

ក្រៅពីនេះ ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពី “លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព ក៏ត្រូវបាន ដាក់ឱ្យប្រើជាផ្លូវការដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពស្នើសុំបណ្ណបើកបរបានស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន។
ដើម្បីឱ្យសង្គមមួយមានបរិយាបន្ន តាមរយៈការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាព សាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ភៃ និងសកម្មភាពផ្សេងៗទៀត ចាំបាច់ត្រូវមានការបង្កឱកាសស្មើភាពគ្នារវាងជនមានពិការភាព និងមិនមានពិការភាព។ ជាមួយគ្នានេះ ការលើកកម្ពស់ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនជនមានពិការភាព ការធានាសមភាពយេនឌ័រ ភាពអង់អាចរបស់ ស្ត្រី និងក្មេងស្រីមានពិការភាពចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here