ចោរអស់លាក់ កំពុងតែកែច្នៃម៉ូតូបំភាន់ភ្នែក ត្រូវបាន នគរបាលស្រុកសង្កែឃាត់ខ្លួនរួមនិងវត្ថុតាង

0
162

បាត់ដំបង ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចោរអស់លាក់ត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ជា សុវណ្ណា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងម៉ូតូចំនួន០១គ្រឿងពាក់ព័ន្ធក្នុងករណីលួចយកម៉ូតូ។

លោកវរសេនីយ៍ត្រី ឈូក ប៊ុនធឿន នាយផ្នែកនគរបាលយុត្តិធម៌ បានអោយដឹងថា កិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅចំណុចក្រុមទី២០ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ សៃ ស្រីពៅ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅក្រុម០១ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ថាមានករណីជនមិនស្គាល់មុខបានធ្វើសកម្មភាពលួចយកម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន ND១២៥ME-៦៣៨៣៩១៣ គ្មានផ្លាកលេខ ជិះយកទៅបាត់។

ក្រោយពេលទទួលបានពាក្យបណ្តឹងខាងលើ កំលាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឃាត់ខ្លួនបានជនសង្ស័យខាងលើរួមនិងវត្ថុតាងដែលជនសង្ស័យបាននឹងកំពុងរៀបចំកែច្នៃម៉ូតូឲខុសពីទ្រុងទ្រាយដើមដើម្បីបំភាន់ភ្នែក។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា សុវណ្ណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូខាងលើពិតប្រាកដមែន។ ក្រោយពីបានចំឡើយសារភាពរួចមក ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំណែកវត្ថុតាង(ម៉ូតូ)ត្រូវបានប្រគល់ឲម្ចាស់ដើមវិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here