ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី​ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យខេត្តកំពង់ចាម​ និងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

0
141

ដដោយ:លឹម​ សិលា
កំពង់ចាម​ ៖​ ក្នុង​ឱកាស​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យខេត្តកំពង់ចាម​ ​និង​ប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​នេះ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ថារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ ចំពោះការដឹកនាំកិច្ចអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តពីសំណាក់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការទាំងអស់ និងការចូលរួមគាំទ្រយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បានរួមគ្នាកសាង​​វិមានឯករាជ្យ​ ហើយប្រារព្ធពិធី សម្ភោធជាផ្លូវការ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងរីករាយអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ(៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២២) ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី​ បាន​ថ្លែង​ថា​ យេីងពិតជាមានមោទនភាព និងការកោតសរសើដោយស្មោះ ក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តដែលបានកសាងវិមានឯករាជ្យនេះឡើង ក្រោម ម្លប់សន្តិភាពរបស់មគ្គុទេសន៍ឯកសន្តិភាព គឺសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិបត្តិករសន្តិភាពដទៃទៀត។ បើទោះបីជារងនូវវិបត្តិជំងឺ-១៩ ក៏ពិតមែន ប៉ុន្តែដោយស្មារតីទទួលខុសត្រូវ និងលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត បានខិតខំធ្វើឲ្យលេចចេញនូវសមិទ្ធផលដ៏ថ្មីស្រឡាងមួយនេះឡើង ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ វិមានឯករាជ្យខេត្តកំពង់ចាម មានកំពស់ ២៩,៩១ម៉ែត្រ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបដិសន្ធិលើកទឹកដី ខេត្តកំពង់ចាម។ ដោយសំណង់ជាប្រវត្តិសាស្ត្រនេះ ចាប់ផ្ដើមបើកការរដ្ឋានកសាងឡើងកាលពី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល ១១ខែ ក្នុងការសាងសង់។ វិមានឯករាជ្យខេត្តកំពង់ចាម មានខឿនតួរប្រាង្គ ចំនួន ៣ជាន់ និងដំបូលឋានមានចំនួន ៥ថ្នាក់ រួមទាំងកំពូលវិមានឯករាជ្យ រំលេចដោយ ក្បាច់រចនាលំអរមាន ចំនួន ៤ក្បាច់ រួមបញ្ចូលគ្នា៖ ក្បាច់សន្លឹកអង្គរ ក្បាច់ដកចាន់ ក្បាច់ត្របកឈូកបំបែក និងក្បាច់ពងត្រី រួមនឹងក្បាលនាគចំនួន ១០០ ចំណែកខឿនខាងបាត ក្រោមមានអង្កត់ផ្ចិត ៣៩,៣ម៉ែត្រ ដែលរំលេចផ្នូរអតីតយុទ្ធជនជុំវិញ និងចាក់បេតុងផ្លូវជុំវិញ វិមានឯករាជ្យទទឹង១០ម៉ែត្រ រួមនឹងហេដ្ឋារចនសម្ព័ន្ធនៅជុំវិញ​ បរិវេណដែលលំអភ្លើងចំរុះ ពណ៌ក្នុងពេលរាត្រី អមដោយទឹកផុសចេញពីថែវជុំវិញតួប្រាសាទ រួមជាមួយទេសភាពសួនផ្កា ស្របតាមដងផ្លូវ និងប្រាសាទដែលមានដើមរំដួល ចំនួន ១០០ដើម ដែលជាផ្កាតំណាងអត្តសញ្ញាណជាតិ។

ឯកឧត្ដមអភិបាលខេត្ត​ បាន​បន្ត​ថា​ វិមានឯករាជ្យនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់យើងទាំងអស់គា្ន​ ហើយក៏បាននាំមកនូវសោភ័ណ្ឌភាពស្រស់ស្អាតថែមទៀតក្នុងក្រុងកំពង់ចាម និងជាសម្បទាមួយទៀតនៃការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តក្នុងខេត្តកំពង់ចាម ពិសេសជាទីកន្លែងជួបជុំសម្រាប់ការប្រារព្ធពិធីធំៗ សំខាន់ៗ និងប្រមូលផ្តុំនូវដួងព្រលឹងបុព្វបុរសយើង ព្រមទាំងកសាងជំនឿលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិឱ្យមានការរីកចំរើនជឿនលឿនលើគ្រប់វិស័យ និងបាននាំមកនូវ សុខសន្តិភាពជូនជាតិទាំងមូលផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here