រយៈពេល២ថ្ងៃនៃពិធីអុំទូក អកអំបុក សំពះព្រះខែ នៅក្នុងព្រះវិហារប្រព្រឹត្តិទៅដោយសប្បាយរីករាយ និងមានប្រជាពលរដ្ឋចូលរួមច្រើនកុះករ នៅទំបន់៩៥

0
235

ព្រះវិហារ ៖ រយៈពេល ២ថ្ងៃ នៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅក្នុងខេត្តព្រះវិហារ ទំនប់៩៥ បានប្រព្រឹត្តិទៅ ប្រកបដោយភាព សប្បាយរីករាយ និងមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ ជាថ្ងៃដំបូងដែលរដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលមានការប្រណាំងទូកជាលក្ខណៈសហគមន៍ ប្រណាំងទូកតាមបណ្ដាមន្ទីរស្ថាប័នអង្គភាពជុំវិញខេត្ត មានការបង្ហោះគោម បាញ់កាំជ្រួច បណ្ដែតប្រទីប និងអកអំបុក នៅសហគមន៍ទេសចរណ៍ទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានប្រព្រឹត្តិទៅដោយភាពអធិកអធម និងភាពសប្បាយរីករាយយ៉ាងក្រៃលែង។

ក្នុងពិធីបុណ្យអុំទូកកាលពីថ្ងៃម្សិលមិញនេះ គឺមានការអញ្ជើញជាអធិបតីភាព ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ដ្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ដ្រមណ្ឌលព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រី មាស សុភា បានបង្ហាញក្ដីសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅខេត្តព្រះវិហារ។

ឯកឧត្តមបានលើកឡើងថា ខេត្តព្រះវិហាររបស់យើង ជាខេត្តដាច់ស្រយ៉ាល ជាខេត្តដែលស្ថិតនៅក្នុងតំបន់ព្រៃភ្នំ មានទន្លេ មានបឹង ហើយជារៀងរាល់ឆ្នាំខេត្តព្រះវិហារក៏មានរៀបចំ ពិធីបុណ្យអុំទូកជារាងរាល់ឆ្នាំ ។ប៉ុន្ដែក្នុងរយៈពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ត្រូវបានអាក់ខាន។

ឯកឧត្តមបន្ដថា ការរៀបចំពិធីបុណ្យអុំទូកនៅក្នុងតំបន់សហគមន៍ទេសចរណ៍ទំនប់៩៥នេះ គឺជាលើកទី១ ដែលកន្លងមកពុំធ្លាប់បានរៀបចំនៅទីនេះនោះទេ ហើយពិធីបុណ្យអុំទូកនេះ ទៀតសោត៍ប្រព្រឹត្តិទៅក្រោមការផ្ដួចផ្ដើមពីឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារ។

ពិធីអុំទូកថ្ងៃនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់ យករង្វាន់ពេកនោះទេ ប៉ុន្តែជាការចូលរួមថែរក្សា វប្បធម៌ប្រពៃណីជាតិ ដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍។ ដូចដែលយើងទាំងអស់គ្នាបានដឹងមកហើយ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។

សព្វថ្ងៃពិធីបុណ្យដ៏មានសារៈសំខាន់នេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរៀងរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។

ថ្ងៃទី២ត្រូវនឹងថ្ងៃទីទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សង្កេតឃើញមានភ្ញៀវជាតិនិងអន្តរជាតិច្រើនសន្ធឹកសន្អាប់ចូលមកទស្សនានិងកំសាន្ដក្នុងទំនប់៩៥ ហូបចុករាំលេងយ៉ាងសប្បាយរីករាយ ។

ដោយមានសមត្ថកិច្ចធ្វើចរាចរណ៍សំរួលតាមដងផ្លូវ និងបាញ់ទឹកកុំឲហុយក្នុងពេលធ្វើដំណើរផងដែរ ភ្ញៀវដែលមកទស្សនាមិនចាញ់ពីម្សិលមិញប៉ុន្មាននោះទេ។

សូមបញ្ជាក់ផងដែរថា ទូកដែលចូលរួមប្រកួតកាលពីម្សិលមិញមានចំនួន ៥២ទូក ស្មើនិង២៦គូរ ក្នុងនោះប្រភេទទូក ២នាក់ទល់នឹង ២នាក់ ដែលជាទូកកិត្តិយស អុំដោយថ្នាក់ដឹកនាំមន្ដ្រីរាជការតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត មានចំនួន ១៥គូរ លើរយៈចម្ងាយ ២០០ម៉ែត្រ, ទូកចំណុះ ៤នាក់ទល់នឹង ៤នាក់ ចំនួន ៥គូរ និងប្រភេទទូកនេសាទ ៦នាក់ទល់នឹង៦នាក់ ចំនួន ៦គូរ លើរយៈចម្ងាយ ៣៧០ម៉ែត្រ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here