ឯកឧត្តម​ អ៊ុន​ ចាន់ដា​ នាំយក​អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់ជូនកម្មករចំការចេកបឹងកេត​ ស្រុកស្ទឹងត្រង់​ ដែលបានរងគ្រោះដោយសារពុលស្រា​ ស

0
122

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នារសៀល​ថ្ងៃទី៣​ ខែវិច្ឆិកា​​ ឆ្នាំ​២០២២​នេះ​ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ផ្តល់ជូនដល់កម្មករធ្វេីការក្នុងចំការចេកបឹងកេត​ ស្រុកស្ទឹងត្រង់​ ចំនួន៦៩នាក់​ ដែលបានរងគ្រោះដោយសារពុលស្រា​ ស​ រហូត​ដល់​មាន​មនុស្ស​ចំនួន​ ៣នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពកម្មករ ៣នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ជាទីស្រឡាញ់ ដែលបានស្លាប់ក្នុងហេតុការណ៍ មិននឹកស្មានដល់នេះ ។
        
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរជាពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ យរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេងៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ និងជួយដោះស្រាយទាន់ពេលវេលា  ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទ ក្រហមកម្ពុជា”។
        
ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏បានលើកទឹក ចិត្ត ដល់ ក្រុមគ្រួសារសពឲ្យខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ។ ចំពោះបងប្អូនរងគ្រោះ ដែលបានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក៏ត្រូវប្រុងប្រយ័ត្ន ក្នុងការហូបចុក ពិសេស ត្រូវខិតខំថែសុខភាពឲ្យបានល្អ ដើម្បីបំពេញការងារឲ្យបានប្រក្រតី ឡើងវិញ។​

គួរ​បញ្ជាក់​ថា​ អំណោយដែលបានផ្តល់​ជូន កម្មកររងគ្រោះ ទាំង ៦៦នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១សម្រាប់ អាវយឺត ៦ និងថវិកា ២០ម៉ឺនរៀល។
និងផ្តល់ជូនគ្រួសារសពចំនួន៣ ក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស ត្រីខ ២០កំប៉ុង មី ២កេស និងបច្ច័យចូលបុណ្យ ចំនួន ១លានរៀល។ ដោយឡែក ក្រុមហ៊ុន ឡុងស្រេង ឧបត្ថម្ភជូន កម្មកររងគ្រោះទាំង ៦៦នាក់ ក្នុងម្នាក់ៗ ទទួលបាន៤០ម៉ឺនរៀល​។ និងកម្មករដែលបានស្លាប់ទាំង ៣ ក្នុង១គ្រួសារសព ទទួលបានថវិកា ៤លានរៀល​បន្ន្ថែមផងដែរ​។

គួរ​រំលឹក​ថា​ បេី​គិត​ត្រឹម​ថ្ងៃទី១ ខែវិច្ឆិកានេះ មានកម្មករចំការចេក ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់​ ចំនួន ៣នាក់ បានស្លាប់​បាត់បង់​ជីវិត​ ខណៈ​កម្មករ​ ចំនួន​ ៦៩នាក់ ត្រូវបានសង្ស័យថាពុលស្រា ស បន្ទាប់ពីមានអាការៈ វិលមុខ អស់កម្លាំង ពិបាកដកដង្ហើម ឈឺទ្រូង និងស្រវាំងភ្នែក ហើយត្រូវបញ្ជួនមកសង្រ្គោះ នៅមន្ទីរពេទ្យ ជាបន្តបន្ទាប់។​ ដោយជនរងគ្រោះទាំង ៣នាក់ បានស្លាប់ នៅតាមផ្លូវ ពេលបញ្ជួនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត​ រួមមាន ១.ឈ្មោះ ឡ លន់ អាយុ ៥៤ឆ្នាំ បានស្លាប់កាលពីថ្ងៃទី២៥ ខែតុលា ។ ២.ឈ្មោះ មិល ប៉ុ អាយុ ៤៥ឆ្នាំ បានស្លាប់នៅថ្ងៃទី២៦ ខែតុលា។ ៣.ឈ្មោះ ស៊ុំ សុខហ៊ីម អាយុ ៤៦ឆ្នាំ បានស្លាប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២២​ នេះ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here