ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម

កំពង់ចាម​:​ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងក្រុមការងារ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ​ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជម្លៀសមកទីទួលសុវត្ថិភាព ស្ថិតនៅក្នុងឃុំពង្រ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមរបាយការណ៍ របស់ លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ឲ្យដឹងថា នាឱកាសនោះ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងប្រតិភូអមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព ច្រាំងទន្លេ ដែលទទួលរងបាក់ស្រុត នៅចំណុច ផ្សារជីហែ ស្ថិតនៅក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលបានបាក់ស្រុត មានប្រវែងបណ្ដោយ ៦៣ម និងទទឹង ២ម ។ បច្ចុប្បន្ន ច្រាំងទន្លេ ដែលទទួលរងបាក់ស្រុត នៅលើទីតាំងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន បានដាក់បាវខ្សាច់ទប់ការពារ ដើម្បី មិនឲ្យបាក់ស្រុតបន្តទៀត រួចរាល់ហើយ ។ ដោយឡែក ក្នុងបេសកកម្មបន្តទៀត ឯកត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តំពង់ចាម និងជាប្រធានគណៈម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ បន្តដំពើរចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលបានជន់លិចផ្លូវលេខ ៧០បេ នៅត្រង់ចំណុចព្រំប្រទល់ឃុំពាមប្រធ្នោះ និងឃុំកំពង់រាប នៃស្រុកកោះសូទិន ។
នាឱកាសនោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្ដែតបណ្ដោយឲ្យកូនៗ ឬក្មេងតូចៗលែងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់ឡើយ ។ ក្រៅពីនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តការយកចិត្តទុកដាក់ ចំពោះ សុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែលទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ ជាមួយនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវបន្តតាមដានសភាពការណ៍ និងស្ថានភាពទឹកជាប្រចាំ ដើម្បី បន្តជួយអន្តរាគមន៍ ទាន់ពេលវេលា ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានឧបត្ថម្ភ សម្ភារៈមួយចំនួន ដល់គ្រួសារពលរដ្ឋ ដែលបានជំលៀសមកទីទួលសុវត្ថិភាពចំនួន ០២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូ ទឹកស៊ីវអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ មី ១កេសតូច និងសម្ភារៈប្រើប្រាស់ផ្សេងៗ សរុបថវិកាចំនួន ៤៧០.០០០រៀល ។
បើតាមរបាយការណ៍ របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានឡើងកម្ពស់ ១៤,៣០ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកបានឡើង ០,២០ម៉ែត្រ បើធៀបទៅនឹងឆ្នាំកន្លងទៅ ទឹកមានកម្ពស់ត្រឹមតែ ១២,១៦ម៉ែត្រ ប៉ុណ្ណោះ ខណៈពេលដែលកម្រិតកម្ពស់ទឹក ត្រូវប្រកាសអាសន្ន មានកម្ពស់ ១៥,២០ម៉ែត្រ ។ មកដល់ពេលនេះ ព្រែក បឹងបួរ ចំនួន ៣៧ លើ ៤១ព្រែក ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម មានទឹកហូរចូល រួចរាល់ហើយ ។ ដោយឡែក របាយការណ៍ គ្រោះមហន្តរាយខេត្ត ឲ្យដឹងដែរថា គិតមកដល់ពេលនេះ ទឹកជំនន់ បានធ្វើឲ្យផលប៉ះពាល់ បាក់ច្រាំងទន្លេប្រវែង ៧.៥០៣ម៉ែត្រ ។ លិចហេដ្ឋារចនាសម្ព័ន្ធ ផ្លូវប្រវែង ២២.០៨៨ម៉ែត្រ ក្នុងនោះផ្លូវដី ប្រវែង ១៣.៣០៩ម៉ែត្រ បេតុង ប្រវែង ៨.៥១៩ម៉ែត្រ និងផ្លូវកៅស៊ូ ២៦០ម៉ែត្រ ស្ពាន ២កន្លែង សាលារៀន ១៣កន្លែង វត្តអារាម ៧កន្លែង ផ្ទះ ១.៩៩៧ខ្នងផ្ទះ ។ ប៉ះពាល់ផលដំណាំស្រូវ សរុបចំនួន ១.២៨០,៨៣ហត ពោត ចំនួន ១៨២,៧៥ហត និងដំណាំផ្សេងៗ សរុបចំនួន ២៣៥,៣ហ.ត និងមានមនុស្ស ១នាក់ បានលង់ទឹកស្លាប់ ផងដែរ ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun