អភិបាលខេត្តកំពង់ចាម ចុះវាយតម្លៃអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែងជិត ១៤គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនពលរដ្ឋក្នុងស្រុកបាធាយ

0
101

ដោយ:លឹម​ សិលា​
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យវាយតម្លៃអំពីវឌ្ឍនភាព នៃការសាងផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែងជិត ១៤គីឡូម៉ែត្រ និងទទឹង ៨ម៉ែត្រ ដែលជាចំណងដៃដ៏ ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់ប្រជា ពលរដ្ឋក្នុងស្រុកបាធាយ ជាពិសេសពលរដ្ឋនៅភូមិរោធ ឃុំត្រប់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា នៅពេលបានផ្លូវកៅស៊ូនេះជូនដល់ប្រជាពលរដ្ឋយើង​ គាត់អាចធ្វើដំណើរឆ្លងកាត់ និងដឹកកសិផល ទៅកាន់ទីប្រជុំជនផ្សេងៗ បានដោយងាយស្រួល និងឆាប់រហ័ស ព្រមទាំងបានជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងក្នុងតំបន់នេះឲ្យមានភាពប្រសើរឡើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែមានការអភិវឌ្ឍន៍ឈានទៅមុខជាបន្តបន្ទាប់ទាំងនៅតំបន់ទីប្រជុំជន និងតំបន់ជនបទ ជាក់ស្ដែងតាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ការកសាងផ្លូវ១ខ្សែមានប្រវែង ១៣,៥៧១.០០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ភូមិរោធ ឃុំត្រប់ មកភូមិថ្កូវ ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ នេះឡើង។

បើតាមប្រជាពលរដ្ឋ នៅភូមិរោធ ឃុំត្រប់ បានឲ្យដឹងថា កន្លងមកពិតជាមានការលំបាកនៅក្នុងការ ធ្វើដំណើរ ឬដឹកកសិផលដំណាំផ្សេងៗ យកមកលក់នៅទីផ្សារ ដោយចម្ងាយផ្លូវមានប្រវែងជិត ១៤គីឡូម៉ែត្រ មិនថារដូវប្រាំង ឬរដូវវស្សាទេ គឺផ្លូវមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ដោយកត្តាទាំងនេះហើយដែលបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋជួបប្រទះនូវការខ្វះខាតច្រើន។

ពលរដ្ឋដដែលបានបន្តថា ផ្លូវមួយខ្សែនេះក្រោយពេល អាជ្ញាធរខេត្តកំពង់ចាម បានសាងសង់ ស្ថាបនា ជាផ្លូវកៅស៊ូធ្វើអោយប្រជាពលរដ្ឋសប្បាយត្រេកអរជាយ៉ាងខ្លាំង ដោយបានប្រើប្រាស់ផ្លូវនេះ ជាមធ្យោបាយឆ្លងកាត់ក៏ដូចជាការដឹកកសិផល យកមកលក់នៅទីផ្សារបានយ៉ាងងាយស្រួល និងឆាប់រហ័ស ធ្វើឲ្យជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើង។

គួរបញ្ជាក់ រហូតមកដល់ពេលនេះ លទ្ធផលនៃការសាងសង់ផ្លូវនេះ គឺជិតរួចរាល់ជាស្ថាពរហើយ ដោយនៅចំណុចខ្លះទៀត​ ជាតំបន់ទំនាប រងការរំខាន រាំងស្ទះ ដល់ដំណើរការសាងសង់ ដោយជំនន់ទឹកភ្លៀង ដែលតម្រូវឲ្យអ្នកម៉ៅការរៀបចំបច្ចេកទេសថ្មី​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here