លោកហែម សុីណា អភិបាលស្រុករំដួល ចុះត្រួតពិនិត្យមើលការសាងសង់ផ្លូវចាក់បេតុងប្រវែង១,១០៧ម៉ែត្រតភ្ជាប់ពីភូមិ គឺភូមិព្រៃកចំការ និងភូមិធ្មា ដែលស្ថិតនៅក្នុងឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង

0
127

ដោយៈថត ភារៈ
ស្វាយរៀង ៖ លោក ហែម សុីណា អភិបាលស្រុករំដួល បានចុះត្រួតពិនិត្យមើលការសាងសង់ផ្លូវចាក់បេតុងប្រវែង១,១០៧ម៉ែត្រ ដែលតភ្ជាប់ពីភូមិ គឺភូមិព្រៃចំការ និងភូមិធ្មា ស្ថិតនៅក្នុងឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ការចុះត្រួតពិនិត្យមើលផ្លូវសាងសង់ផ្លូវនេះដែរក៏មានការចូលរួមពីលោកនួន ឧត្តម អភិបាលរងស្រុក និងមន្ត្រីសាលាស្រុកផងដែរ។

លោក ហែម សុីណា អភិបាលស្រុករំដួល និងក្រុមការងារ ក៏បានថ្លែងអំណរគុណឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានស្រុករំដួលឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោក ហែម សីណា អភិបាលស្រុករំដួល បានបន្តថា «សមិទ្ធផលផ្លូវតភ្ជាប់ពីភូមិព្រៃចំការ និងភូមិធ្មា យើងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំ.ស្រុក និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការគិតគូរយកចិត្តទុកដាក់ ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តស្វាយរៀង ដែលលោកជំទាវតែងតែយកចិត្តទុកដាក់គិតគូរជាមួយសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា»។

លោកអភិបាលស្រុករំដួល បន្តថា ផ្លូវចាក់បេតុងនេះ មិនត្រឹមតែជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដឹកកសិផលទៅកាន់ទីផ្សារប៉ុណ្ណោះទេ វាថែមទាំងចំណេញទាំងពេលវេលា និងថវិកាថែមទៀតផង ដូច្នេះសូមមេត្តាជួយថែរក្សាឲ្យបានយូរអង្វែង ព្រោះនេះជាសម្បតិ្តរបស់យើងទាំងអស់គ្នា ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាបានខិតខំស្ថាបនាឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here