ដោយលោក ពលរដ្ឋ
ព្រះវិហារ៖នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្រ្តីខេត្ត បានដឹកនាំក្រុមចលនាស្ត្រី រួមជាមួយអាជ្ញាធរស្រុកសង្គមថ្មី នាំយកចង្ហាន់ ភេសជ្ជៈ និងបច្ច័យ មួយចំនួន ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី៧ ដល់វត្តចំនួន៨ ស្ថិតក្នុងស្រុកសង្គមថ្មី ដោយបាន ប្រារព្ធធ្វើឡើងនៅវត្តប្រាសាទព្រះខ័ន ហៅវត្តតាសែង ស្ថិតក្នុងភូមិតាសែងកណ្ដាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទក៏បានគោរពថ្វាយបូជាទៀនធូក ចំពោះ ព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសម្ពុទ្ធ និងធ្វើ ពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្តជីដូនជីតា ញាតិការទាំង៧ សន្តាន ដែលបានចែកឋានទៅលោកខាងមុខ និងសូមឲ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ ឲ្យវិញ្ញាណក្ខ័ន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីខានឡើយ។ បន្ថែមពីនេះ ក៏ជាការគោរពដឹងគុណ និងឧទ្ទិសកុសផលបុណ្យ ដល់បុព្វបុរសជំនាន់ដើម និងដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាងការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដែល ជាឧបាយភូមិណាមួយ ឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងសង្គមជាតិផងដែរ។
គួររំលឹកជូនថា កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃ ចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដា ពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញ ទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិ ទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃ គតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះលោកជំទាវ និងក្រុមការងារ បានប្រគេនបច្ច័យ ដល់ព្រះសង្ឃ ចំនួន ៨វត្ត ដោយក្នុងនោះវត្តតាសែងថវិការ ៣៣០,០០០រៀល និង៧វត្តផ្សេងទៀត ក្នុងមួយវត្តៗ ថវិកា ២៩០.០០០ រៀល ជូនលោកតាជីយាយជី ចំនួន៥២នាក់ ក្នុងម្នាក់ៗ ថវិកា៥០០០រៀល ជូនអ្នកបើកបរ ៣នាក់ ម្នាក់ៗ ៥០០០០រៀល។
ក្នុងឱកាសនោះលោកជំទាវ និងក្រុមការងារ ក៏បានបន្តទៅដុតធូបបួងសួងសុំសេចក្ដីសុខ សេចក្តី ចម្រើននៅប្រាសាទព្រះដំរី ដែលស្ថិតនៅក្នុង ឃុំរណសិរ្ស ស្រុកសង្គមថ្មីផងដែរ។ ប្រភព មន្ទីរព័ត៌មានខេត្តព្រះវិហារ