ដោយលោក,ប៉ៃ លិន
កំពង់ចាម៖ យុវជនម្នាក់បានលង់ទឹកស្លាប់ ខណៈទៅលេងទឹក នៅចំណុចព្រែកតាឃ្លោក ស្ថិតក្នុងភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
តាមប្រភពបញ្ជាក់ថា ជនរងគ្រោះនោះ មានឈ្មោះ ឆេង បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិព្រែកតាអ៊ែ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលង់ទឹកស្លាប់ នៅចំណុចព្រែកតាឃ្លោក នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។
តាមសេចក្ដីរាយការណ៍ពីមិត្តភ័ក្ត របស់សព បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១៣ និង២០ នាទី ឈ្មោះ ឆេង បញ្ញា បានជិះម៉ូតូចេញពីចំការគ ភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម មកលេងទឹកនៅចំណុចព្រែកតាឃ្លោក ស្ថិតនៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ពេលមកដល់កន្លែងកើតហេតុ ឈ្មោះ ឆេង បញ្ញា បានចុះពីលើម៉ូតូដើរចូលទៅលេងទឹកតាមផ្លូវបេតុង ដោយបានចុះទៅទីតាំងជ្រៅ ហើយក៏បានធ្លាក់ពីលើផ្លូវបេតុងនោះ លិចចូលទៅក្នុងទឹកបាត់តែម្តង ។
សមត្ថកិច្ចមូលដ្ឋាន រួមនឹង អ្នកភូមិបានរកឃើញសព នៅវេលាម៉ោង ៣ នឹង ៣៥ នាទីល្ងាច បន្ទាប់មកមន្ត្រីសមត្ថកិច្ច បានធ្វើកោសល្យវិច័យ លើសាកសព ដោយសន្និដ្ឋានថា ពិតជាបានស្លាប់ ដោយមូលហេតុលង់ទឹក ពិតប្រាកដមែន រួចបានក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕