ក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានក្រុងកំពង់ចាម បេីកវេទិកាសាធារណៈ​ នៅសង្កាត់សំបួរមាស​ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បេីកវេទិកាសាធារណៈ​ ដើម្បីត្រួតពិនិត្យ​ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧  និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ ដែល​បាន​ធ្វើ​ឡើង​នាថ្ងៃទី​១៧ ខែកញ្ញា​ ឆ្នាំ​២០២៤​ នៅវត្តខេមវ័ន (បឹងស្នាយ) ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខណៈ​ដែល​សំណើ សំណូមពរ និងបញ្ហាផ្សេងៗ ចំនួន​២០ករណី​ ដែលប្រជាពលរដ្ឋស្នើឡើង​ ត្រូវបានដោះស្រាយភ្លាមៗ តែម្ដង​ ។

ក្នុងឱកាសនោះ​ ឯកឧត្ដម​ អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម​សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តម្រូវឱ្យថ្នាក់ដឹកក្រុមការងារទាំងអស់ ចុះជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងការអនុវត្តការងារ រយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បី ឆ្លុះបញ្ចាំង នូវការដាក់ចេញនូវគោលនយោបាយនេះ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋ ទទួលបានពីគោលនយោបាយនោះបានកម្រិតណា? ។ ដូច្នេះ ដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ ។

ក្រៅពីនោះ​រដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋាភិបាល បានផ្ដោតសំខាន់ ទៅលើការងារពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសង្គម ដែលផ្ដោតសំខាន់ទៅលើការងារ ដែលបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន​ផងដែរ​ ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun