ព្រះវិហារ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះ ក្រូច ប៊ុនគីម ដែលមានតួនាទីជាមន្ត្រីយោធាពាក់សក្តិ៣ម្នាក់ កាលពីនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ យោងតាមដីកាសម្រេចឲ្យឃុំខ្លួន នៅពន្ធនាគារខេត្តព្រះវិហារ។
យោងតាមតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យឲដឹងថា៖ សាលាដំបូងខេត្តព្រះវិហារ បានសម្រេចចោទប្រកាន់ឈ្មោះលោក ក្រូច ប៊ុនគីម ជាមន្ត្រីដឺបេម្នាក់នេះ ពីបទកាន់កាប់ដីព្រៃឈួសឆាយ និងលក់ទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់។យោងតាមមាត្រា៩៧ កថាខណ្ឌ១ ចំណុច៦ នៃច្បាប់ព្រៃឈើ និងមាត្រា២៥៩ នៃភូមិបាល។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា៖ ដីនៅចំណុចព្រៃម្លោង ស្ថិតនៅក្នុងភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវឈ្មោះ ក្រូច ប៊ុន គីម ជាមន្ត្រីយោធា ដឺបេពាក់សក្តិ៣ នៅភូមិភាគ៤ម្នាក់ បានប្រើប្រាស់គ្រឿងចក្រ កាប់រុករៀនទន្ទ្រានដីសហគមន៍ជាច្រើនហិកតា ដើម្បីយកទៅលក់បន្តឲ្យទៅឈ្មោះ ហៀត អុល និងឈ្មោះគៀង។
តាមការបញ្ជាក់របស់ឈ្មោះ ហៀត អុល បានឲ្យដឹងថា៖ ដីនៅចំណុចព្រៃម្លោង ក្នុងភូមិក្ដាក់ឃុំភ្នំត្បែង ស្រុកគូលែន គាត់ពិតជាបានទិញពីឈ្មោះ ក្រូច ប៊ុន គីម ពិតប្រាកដមែន។ដីដែលគាត់ទិញនោះមានចំនួន ៦ ហិកតាកន្លះ ក្នុង១ហិកតា គាត់បានទិញតម្លៃ ១៣០០ដុល្លារ។
លោកបានបន្តទៀតថា ការទិញលក់នេះ មានលិខិតទិញលក់ផ្ដិតមេដៃភាគីទាំងសង្ខារ។គាត់បានបន្តទៀតថា លោក ក្រូច ប៊ុន គីម សន្យា និងកាត់ប្លង់ជូនលោក។
បើយោងតាមការបញ្ជាក់របស់ម្ចាស់ដីម្នាក់ ទៀតឈ្មោះ លោក គៀង បានឱ្យដឹងថា ដីនៅចំណុចខាងលើគាត់ក៏បានទិញពីឈ្មោះ ក្រូច ប៊ុន គីម ជាមន្ត្រីដឺបេម្នាក់នេះដែរ។
លោកក៏បានបន្តទៀតថា៖ ដីដែលលោកទិញមានចំនួន ៧ហិកតាក្នុងមួយហិកតាមានតម្លៃ ១៥០០ដុល្លារ ហើយធានាវ៉ៃព្រៃមួយស្អាតឱ្យទៀតផង។
លោក យឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកគូលែន បានដឹកនាំកម្លាំងមន្ត្រីសហគមន៍ព្រៃម្លោងចុះត្រួតពិនិត្យចុចយាមការនៅចំណុចដីខាងលើ លោកក៏បានបញ្ជាក់ទៀតថា ដីនៅចំណុចព្រៃម្លោងស្ថិតនៅ ភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែន ពិតជាដីនៅក្នុងដែនព្រៃសហគមន៍ព្រៃម្លោងពិតប្រាកដមែន៕