កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង

0
15

ដោយ ថត ភារៈ
(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានស្នាក់ការស៊ីបការណ៍ខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើជូនប្រជាពលរដ្ឋ ជាពិសេសរក្សាបាននូវសន្តិសុខសុវត្ថិភាពល្អក្នុងឱកាស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងសួសុខទុក្ខ និងប្រោសព្រះរាជអំណោយជូនបងប្អូនប្រជាពលរដ្ឋយោធិនពិការរងគ្រោះដោយសារសង្គ្រាម និងយោធិននិវត្តជន ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ រាល់សំណើរសំណូមពរ បញ្ហាផ្សេងៗរបសលប្រជាពលរដ្ឋត្រូវតែលើកយកមកធ្វើ្កការដោះស្រាយមិនត្រូវទុកចោលឡើយ ។
២.មន្ទីរធនធានទឹកនឹងឧតុនិយមខេត្តត្រូវពិនិត្យតាមដានពីបញ្ហាអាកាសធាតុនៅក្នុងរដូវវស្សានេះអោយបានជាប់ជាប្រចាំ។
៣.មន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានពីបញ្ហាដង្កូវហ្វូងដែលបំផ្លាញស្រូវ​ និងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ​ ត្រូវចុះពិនិត្យ និងមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
៤. មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវមានចលនាបំផុសស្មារតី និងសកម្មភាពដាំដើមឈើឱ្យបានច្រើន នៅតាមបណ្តោយផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ឫទីតាំងផ្សេងៗដែលអាចដាំបាន។
៥. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
៦.បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលបង្ករដោយខ្យល់កន្ត្រាក់ ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ។
៧.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានម៉ឺងម៉ាត់។
៨.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព។
៩.​ អាជ្ញាធរក្រុង-ស្រុក និងមូលដ្ឋានត្រូវតាមដានពិនិត្យទប់ស្កាត់រាល់ការទន្ទ្រានកាន់ដីរដ្ឋដោយខុសច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here