អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ

0
14


រូបភាពនិងអត្ថបទដោយដោយលោក ប៉ៃ លិន
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ថ្លែងបែបនេះ​ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម​ នៅ​សាលា​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្តម អ៉ឹម​ ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការរៀបចំបាននូវប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មជាតិដែលមានការឆ្លើយតប និង អាចជឿទុកចិត្តបាន គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ការការពារបុគ្គល គ្រប់រូបឱ្យទទួលបាននូវសិទ្ធិពលរដ្ឋ សង្គម និងសិទ្ធិនយោបាយ ព្រមទាំងសេវាទាំងឡាយដែល បុគ្គលទាំងនោះត្រូវទទួលបាន។​

ឯកឧត្ដមអភិបាលខេត្ត​ បានបន្តថា​ ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម​ ឱ្យមានដំណើរការល្អនឹងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនោះ យើងអាចទប់ស្កាត់បានអំពើជួញដូរមនុស្សនិងពលកម្មកុមារ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) និងធានា បានការចូលរួមបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម។

ជាមួយគ្នានោះ​ ឯកឧត្ដម​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ការចុះបញ្ជីអត្រានុកូលដ្ឋាននឹងផ្តល់សារសំខាន់ ធំៗចំនួនពីរគឺ (ទី១) ការកំណត់អត្តសញ្ញាណ តាមផ្លូវច្បាប់អំពីព្រឹត្តិការណ៍ជីវិតរបស់បុគ្គលគ្រប់រូប ដែលជាការគាំទ្រដល់ការបង្កើតឯកសារអត្តសញ្ញាណជាតិ និង(ទី២)ការបង្កើតបាននូវ ប្រភពទិន្នន័យតាមតម្រូវការ សម្រាប់ប្រើប្រាស់ក្នុងការវិភាគទាំងឡាយ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតស្ថិតិអត្រានុកូលដ្ឋានផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here