ឯកឧត្តម ប្រាក់ សុវណ្ណ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤

0
149


ប្រភពពីមន្ទីរព័ត៌មានខេតតព្រះវិហារ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារ មានការរៀបចំពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។ពិធីនេះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំង ទាំង៣ អភិបាលក្រុង-ស្រុកទាំង ៨ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអានរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការ អភិវឌ្ឍន៍រីកចម្រើនរបស់ខេត្ត ក៏ដូចជាការចូលរួមចំណែករបស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិ បាលខេត្ត ដែលបានធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ជាពិសេសបានសម្តែងនូវការចូលរួមអបអរសាទរ យ៉ាង ក្រៃលែងចំពោះក្រុមប្រឹក្សាខេត្តទាំង ១៩រូប សម្រាប់អាណត្តិថ្មីនេះផងដែរ។ឯកឧត្តមបន្តថា ក្នុងនាម ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សូមប្តេជ្ញាបន្ត ចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងបន្ត ជំរុញ ការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ សម្រាប់ការ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈកំណែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ និងចូលរួមពង្រឹងយន្តការផ្ទេរមុខងារកែទម្រង់រចនាសម្ព័ន្ធថ្មី និងប្រព័ន្ធអភិបាលកិច្ចទាំងថ្នាក់ខេត្ត រហូតដល់ក្រុង ស្រុក ឃុំ សង្កាត់។

ឯកឧត្តម ម៉ៅ សុផាន់ បានថ្លែងថា ក្រុមប្រឹក្សាខេត្តព្រះវិហារ ត្រូវបានតំណាងប្រជាពលរដ្ឋ ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិក ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីបន្តដឹកនាំសំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្ត អភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ដូចនេះ ក្នុងការអនុវត្តការងារជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើ ភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការ នយោបាយណាមួយនោះឡើយ។

ឯកឧត្តមបន្ថែមថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈ អភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើក កម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារកិច្ច របស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យយើងសម្រេច គោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here