ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ​ ចំនួន​២៥រូប​ ត្រូវ​បាន​​ប្រកាស​ចូល​កាន់​តំណែង​ ក្នុង​អាណត្តិ​ទី​៤

0
49


ត្បូងឃ្មុំ:​ សមាជិក​ សមាជិកា​ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ចំនួន​២៥រូប ដែល​មាន​ឯកឧត្តម ឡុង ធាម ជាប្រធាន​ ត្រូវបានប្រកាសចូលកាន់តំណែង​ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤​ ក្រោមវត្តមាន​ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត និង​ថ្នាក់ដឹកនាំ​ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង​អភិបាលក្រុងស្រុក និងអ្នកពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ ។

​ក្នុងពិធីនោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​ត្បូងឃ្មុំ​ បានធ្វើរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្ត ក៏ដូចជាការចូលរួមចំណែក របស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឲ្យរដ្ឋបាលខេត្ត សម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ជាពិសេសបានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះក្រុមប្រឹក្សាខេត្ត អាណត្តិថ្មីនេះផងដែរ។

ក្នុងពិធី​នោះ​ដែរ​ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានណែនាំក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ាង សុផល្លែត បានធ្វើការអបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តត្បូងឃ្មុំ ជាមួយគណៈអភិបាលខេត្ត បន្តអភិវឌ្ឍន៍រីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here